(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងគណៈកម្មាធិការត្រួតពិនិត្យរដ្ឋខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន បានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរួមគ្នា ពិសេសកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ក៏ដូចជាការស្វែងរក អង្កេត និងឃាត់ខ្លួនមុខសញ្ញាទាំងឡាយដែលរត់គេចខ្លួនចេញពីប្រទេសចិនមកកម្ពុជា ឬពីប្រទេសកម្ពុជាទៅប្រទេសចិន។

ការប្ដេជ្ញានេះធ្វើឡើងស្របពេលទស្សនកិច្ចរបស់គណៈប្រតិភូនៃគណៈកម្មាធិការត្រួតពិនិត្យរដ្ឋខេត្តក្វាងទុង នៅអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការប្រឆាំងអំពើពុករលួយនៃប្រទេសទាំងពីរ។

គណៈប្រតិភូភាគីចិននេះដឹកនាំដោយលោក សុង ហ្វ៊ូឡុង (Song Fulong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តក្វាងទុង លេខាធិការនៃគណៈកម្មការអធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តក្វាងទុង និងជាប្រធាននៃគណៈកម្មាធិការត្រួតពិនិត្យរដ្ឋខេត្តក្វាងទុង ដែលមានការទទួលស្វាគមន៍ដោយលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានប្រាប់ទៅគណៈប្រតិភូប្រទេសចិនក្នុងពេលទស្សនកិច្ចថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ កន្លងទៅ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយ។ ការប្រឆាំងអំពើពុករលួយឈរលើគោលការណ៍ធំៗចំនួន៣ រួមមាន៖ ទី១-ការអប់រំ ដោយអប់រំឱ្យស្អប់អំពើពុករលួយ អប់រំឱ្យស្រឡាញ់សុចរិតភាព និងស្រឡាញ់ភាពស្អាតស្អំ, ទី២-ការបង្ការ និងទប់ស្កាត់, ទី៣-បង្ក្រាប និងកសាងសំណុំរឿងទៅតុលាការ។

លោក សុង ហ្វ៊ូឡុង បានអរគុណដល់លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានចែករំលែកបទពិសោធន៍ប្រឆាំងអំពើពុករលួយនៅកម្ពុជាឱ្យគណៈប្រតិភូប្រទេសចិនបានដឹង។ ក្រៅពីនេះ លោកក៏បានអញ្ជើញលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ធ្វើទស្សនកិច្ចនៅខេត្តក្វាងទុង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយបន្ថែមទៀត។

ភាគីអង្គភាពប្រឆាំងអំពើពុករលួយ និងភាគីគណៈកម្មាធិការត្រួតពិនិត្យរដ្ឋខេត្តក្វាងទុង បានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរួមគ្នា ពិសេសកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ក៏ដូចជាការស្វែងរក អង្កេត និងឃាត់ខ្លួនមុខសញ្ញាទាំងឡាយដែលរត់គេចខ្លួនចេញពីប្រទេសចិនមកកម្ពុជា ឬពីប្រទេសកម្ពុជាទៅប្រទេសចិន។

គួរបញ្ជាក់ដែរថា ក្នុងពេលទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ គណៈប្រតិភូប្រទេសចិនបានទស្សនានៅទីតាំងមួយចំនួន ដូចជា បន្ទប់វិភាគពាក្យបណ្ឌឹង បន្ទប់ Polygraph បន្ទប់ប្រតិបត្តិការ បន្ទប់ស្តាប់ចម្លើយ បន្ទប់សម្រាកជនសង្ស័យ ឬជនឃាត់ខ្លួន និងបន្ទប់ឃ្លាំងប្រកាសទ្រព្យសម្បត្តិ និងបំណុលជាដើម៕