(កំពង់ធំ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកស្រី ចាន់ សុផល ប្រធានអង្គការទស្សនពិភពលោកប្រចាំតំបន់ស្ទោង២ និងសហការី បានអញ្ជើញសំណេះ សំណាល សួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋក្រីក្រ ដែលទទួលរងគ្រោះដោយភាពរាំងស្ងួតកាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអាជ្ញាធរឃុំរុងរឿង នៅក្នុងឱកាសនោះលោក សាយ គឹមឡម បានណែនាំរដ្ឋបាលឃុំរុងរឿងត្រូវ យកចិត្តទុកដាក់ខ្ពស់ពីសុខមាលភាពប្រជាពលរដ្ឋ ជាពិសេស ត្រូវខិតខំកសាងប្រព័ន្ធធារាសាស្ត្រឲ្យបានច្រើនស្អេកស្កះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ ឱ្យកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាកស្រុក របស់ពលរដ្ឋទៅស្រុកខេត្ត ឬក៏ប្រទេសផ្សេងដែលអាចនាំឲ្យ ប្រឈមនឹងហានិភ័យផ្សេងៗជាពិសេសការចាញ់បោកមេខ្យល់នៅប្រទេសក្រៅជាដើម។

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការទស្សនពិភពលោកកម្ពុជា ដែលតែងតែសហការនិងឧបត្ថម្ភគាំទ្រជ្រោមជ្រែងសព្វបែបយ៉ាង ក្នុងកិច្ចការអភិវឌ្ឍន៍ស្រុកស្ទោងក៏ដូចជា ការជួយឧបត្ថម្ភគ្រួសារងាយរងគ្រោះ វិស័យសង្គមកិច្ច អប់រំ និងវិស័យផ្សេងៗទៀតជាច្រើន។

គួរបញ្ជាក់ថា អំណោយដែលបានចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំង៥០គ្រួសារ នៅក្នុងឱកាសនេះជាជំនួយរបស់ប្រទេសម៉ាឡេស៊ីតាមរយៈអង្គការទស្សនពិភពលោកកម្ពុជាប្រចាំស្រុកស្ទោងដែលក្នុងមួយគ្រួសារៗ ទទួលបានូវ អង្ករ១បេ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេះ និងទឹកសុទ្ធព២ប៊ីដុងដែល១ប៊ីដុងស្មើនឹង ២០លីត្រ៕