(ភ្នំពេញ)៖ លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនអាណត្តិទី៧ ជាមួយអនុប្រធានសមាគម សមាជិក សមាជិកា ជានិស្សិតកំពុងសិក្សានៅរដ្ឋធានីប៉េកាំង និងទីក្រុងធានជីន សរុបប្រមាណ ២៥០នាក់ (គ្រប់ប្រភេទអាហារូបករណ៍ និងការសិក្សា) នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានអនុញ្ញាតឲ្យចូលរួមពិធីសំណេះសំណាលជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងកិច្ចជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ ឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ និងយកចិត្តទុកដាក់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ និងកត់សម្គាល់អំពីសារៈសំខាន់​ នៃសមាគមនិស្សិត សម្រាប់និស្សិត ដែលសិក្សានៅបរទេស។ លើសពីនេះ ឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើង និងសំណេះសំណាល ជាមួយនិស្សិតអំពីអត្ថប្រយោជន៍ នៃគម្រោងព្រែកជីកហ្វូណន-តេជោ ចំពោះប្រជាជន និងប្រទេសកម្ពុជាផងដែរ។

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានក្រើនរំលឹក និងលើកទឹកចិត្តដល់និស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសចិន ឲ្យខិតខំរៀនសូត្រ កុំបោះបង់ការសិក្សា យកចំណេះដឹងដែលទទួលបាន ទៅអភិវឌ្ឍប្រទេសជាតិវិញ។

តាមរបាយការណ៍របស់លោកប្រធានសមាគម បានបញ្ជាក់ផងដែរថា សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ហៅកាត់ACSC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ តាមរយៈការទទួលស្គាល់ ដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានលោក អ៊ុំ វុទ្ធទី ជាស្ថាបនិកសមាគម។ បច្ចុប្បន្ននេះ សមាគមមានសមាជិក សមាជិកា សរុប១,០៦៧នាក់ (នារី៤៥០នាក់) ដែលកំពុងសិក្សានៅ២៦ខេត្តក្រុងនៃប្រទេសចិន។

ចាប់តាំងពីការបង្កើតសមាគម រហូតមកដល់ពេលនេះ សមាគមនិស្សិត បំពេញការងាររបស់ខ្លួនបានចំនួន ៧អាណត្តិ មកហើយ ហើយបានធ្វើសកម្មភាពដូចជា កៀគរ ពង្រីក និងពង្រឹងមិត្តភាព សាមគ្គីភាព សមត្ថភាព និង ឯកភាពរវាងនិស្សិតកម្ពុជាទូទាំងប្រទេសចិនដោយមិនបែងចែកវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ភេទ និងប្រភេទអាហារូបករណ៍, ផ្សព្វផ្សាយ និងលើកស្ទួយវប្បធម៌ សិល្បៈ អរិយធម៌របស់ប្រទេសកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការកម្ពុជាចិន និងអន្តរជាតិ, ផ្សព្វផ្សាយសិក្ខាសាលា (ក្នុង និងក្រៅប្រទេស) និង ឱកាសការងារនៅប្រទេសកម្ពុជា ជូនដល់និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីប្រទេសចិន, ចុះជួយ និងរៃអង្គាស ទំនុកបម្រុងថវិកា និងសម្ភារៈដល់និស្សិតកម្ពុជាដែលខ្វះខាត ទាំងក្នុងការសិក្សា និងការរស់នៅ, ជួយនិស្សិតដែលមានជំងឺ និងមានបញ្ហាសុខភាពធ្ងន់ស្រាលផ្សេងៗ, រៀបចំសិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា, ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការរៀបចំនិស្សិតរៀនផ្នែកវេជ្ជសាស្ត្រពីប្រទេសចិន ចំនួន៩៥នាក់ បង្កើតបានជាក្រុមគ្រូពេទ្យស័្មគ្រចិត្តយុវជនមិត្តភាព កម្ពុជា-ចិន ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានប្រមាណ១០ម៉ឺននាក់ ក្នុងនោះមានជនជាតិចិនប្រមាណ ៥,០០០នាក់ ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០២១។

នៅឆ្នាំ២០២២ សមាគមនិស្សិត បានជួយសម្របសម្រួល ដោយមានជួយជ្រោមជ្រែងពីសំណាក់ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតចិន ក្នុងការជំរុញឱ្យបងប្អូននិស្សិតយើង បានត្រឡប់មកបន្តការសិក្សានៅប្រទេសចិនដោយផ្ទាល់ឡើងវិញ ក្រោយទន្ទឹមរង់ចាំជិត៣ឆ្នាំដោយសារវិបត្តិនៃជំងឺកូវីដ-19។ ចំណុចនេះអាចនិយាយបានថា និស្សិតខ្មែរយើង បានមកដល់សាលាក្នុងប្រទេសចិនមុននិស្សិតបរទេសផ្សេងៗទៀត ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលទាំងពីរ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា។

នាពេលថ្មីៗនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានទទួលការគាំទ្រ និងឧបត្ថម្ភពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា លើគម្រោងសិក្ខាសាលាស្តីពី «ការតម្រង់ទិស និងការផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន» ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណង៖
(១)៖ ផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន
(២)៖ តម្រង់ទិស លើកទឹកចិត្តដល់ សិស្ស និស្សិត ឲ្យខិតខំរៀនសូត្រ ជាពិសេសសិក្សាភាសាចិន
(៣)៖ ចែករំលែកបទពិសោធន៍អំពីការសិក្សា និងការទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅប្រទេសចិន
(៤)៖ បញ្ជ្រៀបសារគាំទ្រដល់សិស្ស និស្សិត ដើម្បីពង្រឹងនូវការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការអភិវឌ្ឍយុវជន នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ជាលទ្ធផល សមាគមនិស្សិត បានសម្រេចបានដោយជោគជ័យ នៅតាមវិទ្យាល័យចំនួន៣៧ សាកលវិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ស្ពឺ ស្វាយរៀង រតនគិរី និងខេត្តកំពត ដែលមានអ្នកចូលរួមសរុបប្រមាណជាង ២០,០០០នាក់។

ជាមួយគ្នានេះដែរ សមាគម បានទទួលការគាំទ្រពីការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ក្នុងសម្របសម្រួលជ្រើសរើសយុវជន-និស្សិត ក្នុងការចូលរួមសិក្ខាសាលាតាមអនឡាញ មាន១០៥ប្រធានបទ (រយពេល២-៣ សប្តាហ៍) ដែលមានសិក្ខាកាមមកពីសមាគមមានចំនួន១៣៨នាក់ ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ មកដល់ឆ្នាំ២០២៣ និងសិក្ខាសាលាដោយផ្ទាល់នៅប្រទេសចិន (រយៈពេល២សប្តាហ៍) ចាប់ពីខែមិថុនាឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន សរុបមាន១០ ប្រធានបទ ដែលមានសិក្ខាកាមសរុប៥១ នាក់។

បន្ថែមពីលើនេះ សមាគមនិស្សិត ក៏បានចូលរួមធ្វើជាអ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣, សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ហើយក៏បានចូលរួមធ្វើជាអ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ថ្មីៗនេះផងដែរ។

បើទោះជាមានកាលៈទេសៈលំបាកមួយចំនួនក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះក៏ដោយ សមាគមនិស្សិត នៅតែខិតខំបន្តធ្វើសកម្មភាពដើម្បីជាប្រយោជន៍ជូនយុវជននិស្សិត និងសង្គមជាតិ។ ជាពិសេស កម្មវិធីជួបជុំផ្សេងៗ ដើម្បីទប់សតិអារម្មណ៍និស្សិត កុំឱ្យបោះបង់ការសិក្សា និងដើម្បីលើកទឹកចិត្តនិស្សិតឱ្យបន្តការខិតខំការសិក្សានៅតាមប្រព័ន្ធអនឡាញ នាពេលកន្លងមក ជាពិសេស ពិធីជួបជុំអាហារសាមគ្គីអបអរសាទរ ថ្ងៃជ័យជម្នះ៧មករា ២០២២ ដែលមានបងប្អូននិស្សិត និងថ្នាក់ដឹកនាំគណបក្សចូលរួម សរុប ៥២០នាក់។

ចំពោះកម្មវិធីជួបអាហារសាមគ្គី អបអរសាទរ ថ្ងៃជ័យជម្នះ៧មករា សមាគមនិស្សិត បានរៀបចំបានចំនួន ៥លើក ពោល ០៧ មករា ២០១៨, ០៧ មករា ២០១៩, ០៧ មករា ២០២០, ០៧ មករា ២០២២ និង ០៧ មករា ២០២៣។ ពិធីអបអរនេះ សមាគមធ្វើឡើងដើម្បីរំលឹកគុណចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោកប្រធានសមាគម រំលេចច្បាស់អំពី សកម្មភាព និងសមិទ្ធិផលខាងលើនេះ មិនអាចកើតមានឡើងឡើយ បើសមាគមមិនមានជំនួយឧបត្ថម្ភរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចវិបុលសេនាភក្តី សាយ ឈុំ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងថ្នាក់ដឹកនាំផ្សេងទៀត ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឆ្លៀតក្នុងឱកាសនេះ នៃកិច្ចជំនួបខាងនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការបេ្តជ្ញាចិត្ត បន្តធ្វើសកម្មភាព និងកសាងសមិទ្ធិផលទៀត ដើម្បីរួមចំណែកក្នុងសង្គមជាតិ ជាពិសេសលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន, បន្តខិតខំរៀនសូត្រឲ្យទទួលបានជោគជ័យ ដើម្បីយកចំណេះដឹង បទពិសោធន៍ទៅបម្រើប្រទេសជាតិមាតុភូមិដ៏បរវរនៃយើង និងបន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជួយគ្នាទៅវិញទៅមក ដូចឃ្លាមួយបានពោលថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» ក៏ដូចជាបន្តពង្រឹងទំនាក់ទំនង ជាមួយបណ្តានិស្សិតអន្តរជាតិផ្សេងៗ ជាពិសេសនិស្សិត និងពលរដ្ឋចិនដែលជាមហាមិត្ត និងជាបងប្អូនល្អរបស់កម្ពុជា ហើយនឹងនៅនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស ក៏ដូចជាយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ព្រមទាំងកិច្ចការផ្សេងៗដែលរាជរដ្ឋាភិបាលដាក់ចេញ តួយ៉ាងសកម្មភាពគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោនាពេលកន្លងទៅ៕