(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែន ការងារព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តដឹកនាំប្រជុំត្រួតពិនិត្យសកម្មភាពការងារចុះអនុវត្តបង្ការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបានធ្វើសកម្មភាពវាយប្លន់ យកទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបង្កខូចខាតទ្រព្យាសម្បត្តិជនរងគ្រោះ។

ក្នុងកិច្ចប្រជុំលោកស្នងការរង បានណែនាំមន្រ្តីក្រោមឱវាទត្រូវ ពង្រឹងខិតខំ ស្វែងរកសាវតាក្រុមក្មេងទំនើង ដែលរត់គេចខ្លួន ដើម្បីបង្រ្កាប ពង្រឹងការគ្រប់គ្រង មុខសញ្ញាសេសសល់ ត្រូវខិតខំ ស្រាវជ្រាវទីតាំងក្រុមក្មេងទំនើងប្រមូល ជួបជុំគ្នាជាក្រុមៗ ងាយស្រួលបង្រ្កាបទាន់ពេលវេលា។

ពង្រឹងត្រួតពិនិត្យក្រុមក្មេងៗធ្វើដំណើរជាក្រុមៗនៅពេលយប់អាធ្រាត្រដើម្បីត្រួតពិនិត្យរបៀបការងាររដ្ឋបាល ពង្រឹងយកចិត្តទុកដាក់ ចុះសហការជាមួយនាយកសាលា ធ្វើរដ្ឋបាលចំពោះមុខសញ្ញាសង្ស័យក្មេងទំនើង ដែលមានលាក់ដាវ និងកាំបិត ពង្រឹងតាមដានរាល់ព័ត៌មានរបស់ក្រុមក្មេងទំនើង៕