(ភ្នំពេញ)៖ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូអន្តរក្រសួងទៅចូលកិច្ចប្រជុំថ្នាក់ មន្រ្តីជាន់ខ្ពស់ប្រទេសហត្ថលេខី អនុស្សរណៈ យោគយល់គ្នា (MoU) ឆ្នាំ១៩៩៣ នៃមហាអនុតំបន់ទន្លេមេគង្គ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ ៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សារធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងថា កម្ពុជា និងប្រទេសMOUទាំងអស់ នឹងត្រូវចូលរួមកិច្ចប្រជុំរយៈពេល០៣ថ្ងៃនេះ ដើម្បីពិពិនិត្យ ពិភាក្សា និងចែករំលែកបទពិសោធន៍ការងារ និងស្ថានភាពគ្រឿងញៀន តំបន់ និងនៅក្នុងប្រទេសនីមួយៗ៖

*ពិនិត្យពិភាក្សា ស្តីពីលទ្ធផលការងារ ស្តីពីការអនុវត្តផែនការសកម្មភាព អនុតំបន់ លើកទីXII ដែលប្រទេសនីមួយៗបានអនុវត្ត ដែលក្នុងនោះរួមមាន៖ ប្រធានបទចំនួន៤គឺ៖ គ្រឿងញៀន និងសុខភាព កិច្ចសហការអនុវត្តច្បាប់ កិច្ចសហការអន្តរជាតិ ក្នុងកិច្ចការព្រហ្មទណ្ឌ និងនិរន្តរភាព នៃការអភិវឌ្ឍ តាមជម្រើសផ្សេងៗក្នុងតំបន់ដាំដុះអាភៀន កិច្ចសហការពង្រឹងប្រសិទ្ធភាពត្រួតពិនិត្យព្រំដែន តាមរយៈយន្តការ BLO
*ការពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងឯកសារលក្ខខណ្ឌប្រតិបត្តិ សម្រាប់ ក្រុមការងារ៣ គឺ ផ្សព្វផ្សាយ អប់រំ សារធាតិគីមីផ្សំ និងកោសល្យវិច័យ ស្ថិតក្រោមគម្រោងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពីការរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគក្នុងតំបន់មេគង្គដែលគម្រោងនេះត្រូវបាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី MoU បានពិនិត្យ និងអនុម័តនៅទីក្រុង ប៉េកាំងកាលពីឆ្នាំកន្លងទៅ៕