(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរស្ដីពី ការរៀបចំខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ២០២៤។ នេះបើយោងតាមសារាចរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ។

តាមយៈសារាចរ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា តែងតែប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋាន របស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការអន្តរជាតិ ខាងការងារលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងទៀត។

ការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា គឺដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃរបបពួកហ្វាសស៊ីសអ៉ីត្លែរ ដែលបានកាប់សម្លាប់ស្រ្តី និងកុមារនៅភូមិលីឌីសែ ប្រទេសឆេកូស្លូវ៉ាគី និងនៅភូមិអូរាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ និងដើម្បីរួមគ្នាទប់ស្កាត់អំពើហិង្សា ថែរក្សាសន្តិភាពពិភពលោក ព្រមទាំងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស៕

ខាងក្រោមនេះជាសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា៖