(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចិនចំនួន៣៧ បាននាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម ដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖​ «បច្ចុប្បន្ននេះមានក្រុមហ៊ុនចិន សរុបប្រមាណជា៣៧ក្រុមហ៊ុន ដែលក្នុងនោះមាន០៦ក្រុមហ៊ុន មិនទាន់មានប្រតិបត្តិការ និងក្រុមហ៊ុនមួយទៀត នាយកដ្ឋានគយចិនមិនទាន់បានវាយតម្លៃនៅឡើយនោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុនចិនទាំងនោះ បាននាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារប្រទេសចិនដូចជា ផ្លែចេកស្រស់, ចំណិតដំឡូងមីក្រៀម, ម្សៅដំឡូង, អង្ករ, ស្វាយស្រស់, ដំណាំប់ស្វាយ, ផ្លែមៀនស្រស់, គ្រាប់ស្វាយចន្ទី ហើយគ្រោងនឹងនាំចេញផ្លែដូងស្រស់នាពេលខាងមុខនេះផងដែរ»

ក្រុមហ៊ុនចិនទាំង៣៧ រួមមាន៖

+ក្រុមហ៊ុននាំចេញផ្លែចេកស្រស់ មាន៧ក្រុមហ៊ុន

+ក្រុមហ៊ុននាំចេញចំណិតដំឡូងមីក្រៀម មាន១ក្រុមហ៊ុ​ន

+ក្រុមហ៊ុននាំចេញម្សៅដំឡូង មានចំនួន១ក្រុមហ៊ុន

+ក្រុមហ៊ុននាំចេញអង្ករ មានចំនួន១ក្រុមហ៊ុន

+ក្រុមហ៊ុននាំចេញផ្លែស្វាយស្រស់ មានចំនួន៥ក្រុមហ៊ុន

+ក្រុមហ៊ុននាំចេញដំណាប់ស្វាយ មានចំនួន១០ក្រុមហ៊ុន

+ក្រុមហ៊ុននាំចេញផ្លែមៀនស្រស់ មានចំនួន៧ក្រុមហ៊ុន

+ក្រុមហ៊ុននាំចេញគ្រាប់ស្វាយចន្ទី មានចំនួន១ក្រុមហ៊ុន

+ក្រុមហ៊ុននាំចេញផ្លែដូងស្រស់ មានចំនួន ០៤ក្រុមហ៊ុន (មិនទាន់មានប្រតិបត្តិការនាំចេញ)។

ក្នុងដំណើរទស្សនកិច្ចរបស់ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២៣-២៥ ខែឧសភា លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានស្វាគមន៍សំណើលើលទ្ធភាពពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា។ លោកក៏បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិន ឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជាថែមទៀត៕