(រតនគិរី)៖ យុទ្ធនាការដូរក្រដាសប្រាក់ដែលចាស់ ទក់ និងរហែក បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ធូ ឃឿ អភិបាលក្រុងបានលុង និងលោក ញ៉ែត នុត នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តរតនគិរី ព្រមទាំងលោកចៅសង្កាត់ទាំង៤ នៃក្រុងបានលុង និងលោកមេភូមិក្នុងសង្កាត់ទាំង៤ផងដែរ។

លោក ញ៉ែត នុត បានលើកឡើងថា យុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ត្រូវបានធ្វើឡើងតាមបណ្តារាជធានីខេត្តចំនួន១៩ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ម៉ោង ៣៖០០នាទីរសៀល។

ដោយឡែកថ្ងៃនេះ សាខាធនាគារជាតិនៃកម្ពុជាខេត្តរតនគិរី បានសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១៦គ្រឹះស្ថាន បានរៀបចំយុទ្ធនាការ កម្មវិធីប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជន ដោយ មិនគិតកម្រៃសេវា និងត្រូវផ្ទេរចូលតាមរយៈគណនីធនាគារ និងគណនីបាគងរបស់សារធារណជនភ្លាមៗនៅនឹងកន្លែង។

លោក ញ៉ែត នុត បន្តថា កម្មវិធីយុទ្ធនាការនេះមានគោលបំណងចំនួនពីរ រួមមាន៖

*ទី១៖ ជំរុញការប្រើប្រាស់ «KHQR» ប្រព័ន្ធទូទាត់បាគង ក្នុងប្រព័ន្ធធនាគារឱ្យកាន់តែទូលំទូលាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលការណ៍នយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
*ទី២៖ បង្កើតគណនីបាគង និងគណនីធនាគារជូនសាធារណជនដោយមិនគិតកម្រៃសេវា នៅតាមស្តង់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោកបញ្ជាក់បន្ថែមថា ធនាគារជាតិនៃកម្ពុជា បានបង្កើតប្រព័ន្ធបាគង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ជាប្រព័ន្ធទូទាត់ ដើម្បីផ្តល់លទ្ធភាពដល់សាធារណជនធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានបានយ៉ាងងាយស្រួល មានសុវត្ថិភាព រហ័សទាន់ចិត្ត និងគ្មានកម្រៃសេវា។

គិតមកដល់បច្ចុប្បន្ន សមាជិកប្រព័ន្ធបាគងមានចំនួន៧៣ បានដាក់ឲ្យដំណើការ ចំនួន៥៧ និងកំពុងតភ្ជាប់ប្រព័ន្ធ ចំនួន១៦ គណនីអាចធ្វើប្រតិបត្តិការតាមបាគង ចំនួន២៧លានគណនី អតិថិជនចុះឈ្មោះជាមួយកម្មវិធីបាគង ចំនួន០,៦លាននាក់ និង ពាណិជ្ជករទទួលទូទាត់តាមបាគង ចំនួន២,៩លានគណនី។ ប្រព័ន្ធបាគង KHQR ជាប្រព័ន្ធទូទាត់ក្នុងយុគសម័យថ្មី KHQR តែមួយសម្រាប់ទាំងអស់គ្នា។

ថ្លែងក្នុងពិធីបើកយុទ្ធនាការនេះ លោក ធូ ឃឿ បានលើកឡើងថា ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស។

លោកអភិបាលក្រុងបន្តថា ក្នុងន័យសេដ្ឋកិច្ច ចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញ ក្នុងការបោះផ្សាយរូបិយវត្ថុផងដែរ។ លើសពីនេះប្រសិនបើប្រាក់រៀលតែមួយមុខត្រូវបានប្រើប្រាស់ក្នុងទីផ្សារតម្លៃប្រតិបត្តិការក្នុងការប្តូរ ប្រាក់នឹងត្រូវបានកាត់បន្ថយ។

លោកអភិបាលក្រុងបានលុង បានអំពាវនាវមហាជនទូទៅ សូមចូលរួមបង្កើតគណនីបាគងឲ្យបានគ្រប់ៗគ្នា ពីព្រោះថា គណនីបាគងជាប្រព័ន្ធទូទាត់ ដើម្បីផ្តល់លទ្ធភាពដល់សាធារណជនធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថាន បានយ៉ាងងាយស្រួល មានសុវត្ថិភាព រហ័សទាន់ចិត្ត និងគ្មានកម្រៃសេវា៕