(ភ្នំពេញ)៖ លោក Marco Bianchi នាយកគ្រប់គ្រងការរៀបចំកម្មវិធីប្រគំតន្ត្រីរបស់លោក Andrea Bocelli បានថ្លែងជម្រាបលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថា លោកចង់ជ្រើសរើសតំបន់អង្គរវត្ត ខេត្តសៀមរាប រៀបចំការប្រគំតន្ត្រីកម្រិតពិភពលោក លើកដំបូង នៅប្រទេសកម្ពុជា នៅឆ្នាំ២០២៥ ឆ្នាំក្រោយនេះ របស់លោក Andrea Bocelli អ្នកចម្រៀងដ៏ល្បីលំដាប់ពិភពលោក សញ្ជាតិអ៉ីតាលី។

លោកថ្លែងបែបនេះ ក្នុងឱកាសត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាពីដំណើរការចរចារៀបចំកម្មវិធីកំពូលខាងលើ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌។

លោក Marco Bianchi បានធ្វើបទបង្ហាញពីដំណើរការរៀបចំកម្មវិធីប្រគំតន្ត្រី នៅប្រទេសកម្ពុជា ដែលជួយជំរុញកំណើនទេសចរណ៍, កំណើនសេដ្ឋកិច្ច, អភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ ព្រមទាំងទទួលស្គាល់ពីអន្តរជាតិនិងជាអំណាចទន់ ផងដែរ។ លោកក៏បានអះអាងថា បើសិនរៀបចំបាន ការប្រគំតន្ត្រីនៅកម្ពុជាមួយនេះ នឹងត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនធំៗ ដែលមានអ្នកទស្សនាដល់ទៅរាប់ពាន់លាននាក់។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានសម្តែងក្តីរីករាយចំពោះគម្រោងនេះ ខណៈលោកស្រី ក៏ស្គាល់លោកភាពល្បីល្បាញរបស់ Andrea Bocelli តាមរយៈ Internet ផងដែរ។

ក្រោយបានស្តាប់បទបង្ហាញ លោកស្រីចាត់ទុកថា គម្រោងខាងលើពិតជាល្អ ព្រោះនេះជាឱកាសឱ្យពិភពលោក បានស្គាល់កម្ពុជាបន្ថែមទៀត។

នេះគឺជាការបើកទ្វារឱ្យពិភពលោក កាន់តែបានស្គាល់ពីកម្ពុជា ដែលជាប្រទេសមានសន្តិភាព ដូចតារាចម្រៀងលំដាប់ពិភពលោក Taylor Swift ទៅច្រៀងនៅសិង្ហបុរីដែរ។ បុគ្គលកំពូល ដូចជាលោក Andrea Bocelli មកច្រៀងនៅកម្ពុជា ក៏ជារឿងកម្រផងដែរ ខណៈប្រទេសនានាលើពិភពលោក សុទ្ធតែចង់បានគាត់ និងអ្នកល្បីដទៃទៀត ទៅច្រៀងក្នុងប្រទេសរបស់ពួកគេ។

លោក រ័ត្ន សណ្តាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានចូលរួមក្នុងជំនួបនេះដែរ បានលើកឡើងថា ការប្រគំតន្ត្រីនេះ កម្ពុជាចំណេញ ៣ចំណុច រួមមាន៖

*១៖ លើកកម្ពស់សន្តិភាព
*២៖ លើកកម្ពស់មុខមាត់ទេសចរណ៍
*៣៖ ផ្តល់បទពិសោធន៍ដល់យុវជនខ្មែរ ក្នុងការប្រគំតន្ត្រីថ្នាក់ពិភពលោក។

«ខ្ញុំសង្ឃឹមថា ដំណើរការចរចានឹងជោគជ័យ ហើយប្រជាពលរដ្ឋខ្មែរ នឹងបានឃើញស្នាមញញឹមរបស់លោក Andrea Bocelli ដោយផ្ទាល់ ខណៈលោកក៏នឹងឃើញស្នាមញញឹមប្រជាជនខ្មែរ ដោយផ្ទាល់ផងដែរ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក រ័ត្ន សណ្តាប់។

លោកបានបន្តថា បើអាចរៀបចំការប្រគំតន្ត្រីនេះបាន មានន័យថា កូនខ្មែរក៏មានសមត្ថភាព រៀបចំការប្រគំតន្ត្រីខ្នាតអន្តរជាតិ ផងដែរ។

លោក រ័ត្ន សណ្តាប់ បានឱ្យដឹងថា ក្រុមការងាររបស់លោក Andrea Bocelli បានចូលជួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ម្សិលមិញ ព្រមទាំងរដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃនេះ មុននឹងចាកចេញទៅវិញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបថា លោក Andrea Bocelli កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៨ នៅជិតក្រុងភីសា (Pisa) ប្រទេសអ៊ីតាលី។ គាត់មានឈ្មោះបោះសំឡេង ដោយសារសមត្ថភាពពិសេស ក្នុងសិល្បៈតន្ត្រីបញ្ចូលគ្នារវាងអូប៉េរ៉ា (Opera) និងតន្ត្រីប្រជាប្រិយ (Pop music)។

កាលពីក្មេង លោក Andrea Bocelli មានជំងឺដក់ទឹក្នុងភ្នែកពីកំណើត។ គាត់បានចាប់ផ្តើមរៀនព្យាណូ នៅអាយុ ៦ឆ្នាំ ហើយក្រោយមកលេងខ្លុយ និង Saxophone ។ នៅអាយុ ១២ឆ្នាំ គាត់បានពិការភ្នែកទាំងស្រុង បន្ទាប់ពីរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្តាលមកពីគ្រោះថ្នាក់ដោយសារលេងបាល់ទាត់។

ទោះបីជាពិការភ្នែក លោក Andrea Bocelli បានសិក្សាច្បាប់នៅសាកលវិទ្យាល័យភីសា (University of Pisa) ខណៈកំពុងច្រៀងនៅបារព្យាណូ និងក្លឹបកម្សាន្តរាត្រី ដើម្បីផ្គត់ផ្គង់ការសិក្សា។ បន្ទាប់ពីទទួលបានសញ្ញាបត្រ គាត់បានធ្វើជាមេធាវី តែងតាំងដោយរដ្ឋអស់រយៈពេល ១ឆ្នាំ មុននឹងសម្រេចចិត្តប្រកបអាជីពតន្ត្រី និងសិក្សាសំឡេងជាមួយលោក Franco Corelli ៕