(ស្ទឹងត្រែង)៖ គម្រោងស្តីពីក្មេងស្រីដឹកនាំសកម្មភាពការពង្រឹងភាពអង់អាចរបស់ក្មេងស្រី និងស្ត្រីវ័យក្មេង ត្រូវបានអង្គការនារីដើម្បីសន្តិភាព (WPM) និងអង្គការភ្លែនអន្តរជាតិកម្ពុជា (PIC) រៀបចំសិក្ខាសាលាសម្ពោធដាក់ឱ្យដំណើរការ នៅថ្ងៃថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រីចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី, លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង, និងលោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា។

លោកអភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងថាគម្រោងគម្រោងស្តីពីក្មេងស្រីដឹកនាំសកម្មភាពមានគោលបំណងដើម្បីពង្រឹងភាព អង់អាចរបស់ក្មេងស្រីវ័យជំទង់ក្នុងខេត្តស្ទឹងត្រែង រតនគិរី និងសៀមរាប ឱ្យក្លាយជាបុគ្គលរឹងមាំ ដើម្បីដោះស្រាយនូវ រាល់ឧបសគ្គជាក់លាក់ទាក់ទងនឹងយេនឌ័រ។

លោកបានបន្តថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នផងដែរលើអនុសញ្ញាស្តីពីការលុបបំបាត់ រាល់ទម្រង់នៃការរើសអើងនឹងស្ត្រី (អនុសញ្ញា ស៊ីដ) តាំងពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩២ មកម្លេះ។ ថ្វីត្បិតថាដំណើរការឆ្ពោះទៅកាន់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចក្លាហានដល់យុវជន ក្មេងស្រីវ័យជំទង់ ក្នុងប្រទេស កម្ពុជា នៅតែមានបញ្ហាប្រឈម ដែលហាក់បានកំណត់សំឡេង និងការចូលរួមសកម្មក្នុងសង្គមរបស់ពួកគាត់ ។

លោកអភិបាលរងខេត្តគូសបញ្ជាក់ថាសហគមន៍មួយរីកចម្រើនទៅបានអាស្រ័យដោយ មានធនធានមនុស្សសកម្ម មានគុណភាពគួបផ្សំដោយ គ្រួសាររឹងមាំ និងទំនាក់ទំនងល្អរវាងគ្នាទៅវិញទៅមក មានការគោរពឱ្យតម្លៃ គាំទ្រ ពង្រឹងភាពអង់អាច និងលើកកម្ពស់ការចូលរួម របស់ប្រជាពលមកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺយុវជន ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង។

លោកស្រី ចាន់ សុធាវី បានស្វាគមន៍ចំពោះគម្រោងក្មេងស្រីដឹកនាំសកម្មភាពការពង្រឹងភាពអង់អាចរបស់ក្មេងស្រី និងស្ត្រីវ័យក្មេង។ លោកស្រីលោកឡើងថាជាពិតណាស់ប្រជាជនកម្ពុជា ជាង១៦លាននាក់ បើគិតជាភាគរយមានស្ត្រី៥២% ហើយរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹង ទោះបីស្ថិតក្នុងគោលនយោបាយយុទ្ធសាសាស្ត្រណាក៏ដោយ ទោះជាគោលនយោបាយយុទ្ធសាស្ត្រចតុកោណ, គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណតែងតែមានការគិតគូពីសមភាពយេនឌ័រ លើកកម្ពស់ស្ត្រី ធ្វើយ៉ាងណាឱ្យស្ត្រីទទួលផលប្រយោជន៍ដូចគ្នា និងបុរស។

លោកស្រីអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងភាពអង្គអាចរបស់ក្មេងស្រី និងស្ត្រីវ័យក្មេងក្នុងការទទួលបានការអប់រំរៀនសូត្រ ចេះគំនិតផ្តួចផ្តើមថ្មី ត្រូវរួមគ្នាលុបបំបាត់ ហើយដកចេញនូវរាល់បញ្ហាដែលធ្វើឱ្យរាំងស្ទះដំណើរពង្រឹងភាពអង់អាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេង រួមទាំងបញ្ហាទាំងឡាយណាដែលចាក់ឬសដក់ជាប់ក្នុងការគិតរបស់ស្ត្រីនៅក្នុងសង្គម ព្រមទាំងរួមគ្នាលើកកម្ពស់ដល់ស្ត្រី យុវជន ក្មេងស្រីវ័យជំទង់ឱ្យមានភាពអង់អាចក្លាហ៊ាន។

គួបញ្ជាក់ថា គម្រោងស្តីពីក្មេងស្រីដឹកនាំសកម្មភាពការពង្រឹងភាពអង់អាចរបស់ក្មេងស្រី និងស្ត្រីវ័យក្មេង និងត្រូវអនុវត្តរយៈពេល៤០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២០២៧ ដែលមានគោលបំណងសំខាន់ គឺពង្រឹងភាពអង់អាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងឱ្យក្លាយជាបុគ្គលរឹងមាំ នៅក្នុងខេត្តស្ទឹងត្រែង ខេត្តសៀមរាប និងខេត្តរតនគិរី៕