(កំពត)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយអតីតសមាជិកាអនុសាខាសមាគមនារីក្រុង-ស្រុក ទាំង៩ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានលើកឡើងថា ស្ត្រី គឺបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការតស៊ូលះបង់ ដើម្បីដណ្តើមយកមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជនកម្ពុជា ហើយក៏មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងរក្សាបាននូវភាពសុខសាន្ត សុភមង្គល ទុកឱ្យនារីជំនាន់ក្រោយៗយកទៅអនុវត្តបន្ត ឱ្យទទួលបានជោគជ័យផងដែរ។

ជាមួយគ្នានេះដែរ លោកស្រីប្រធានកិត្តិយសសាខាសមាគម ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ដែលជានិច្ចជាកាលលោកតែងតែគិតគូរខ្ពស់ និងយកចិត្តដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈ និងគ្រប់មូលដ្ឋាន ពិសេសដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងស្ត្រី។

លោកស្រីបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកយ៉ាងពិតប្រាកដនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងបរិបទ នៃជំងឺកូវីដ១៩ សម្តេចតេជោ បានដាក់ចេញនូវ វិធានការ ដ៍មុតស្រួច ព្រមទាំងបានដំណើរការបើកសកម្មភាពសេដ្ឋកិច្ច-សង្គមកិច្ចឡើងវិញទូទាំងប្រទេស ដោយអនុវត្តតាមយុទ្ធសាស្រ្ត ស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។ លទ្ធផលទាំងនេះ គឺជាគុណបំណាច់ដ៍ធំធេង និងមានតម្លៃឥតគណនា ក្នុងការការពារអាយុជីវិត និងគិតគួរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋយើង ហើយបានទ្រោលស្ថានភាពជីវភាពសេដ្ឋកិច្ច-សង្គមជាតិ ឱ្យនៅតែរក្សាបានលំនឹង ស្ថេរភាព ព្រមទាំងផ្តល់កាលានុវត្តន៍ភាពសម្រាប់ការស្ទុះងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩។

លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើនការយកចិត្តទុកដាក់ជួយទ្រទ្រង់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ សម្រាប់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ដែលមានកម្មវិធីជាតិជំនួយសង្គមចំនួន ៤ រួមមាន៖

ទី១៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
ទី២៖ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ
ទី៣៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព
និង៤៖ កម្មវិធីឧបត្ថម្ភជូនចាស់ជរា (អាយុ ៦០ឆ្នាំឡើង) ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ហើយពេលថ្មីៗនេះផងដែរ សម្តេចធិបតី បានប្រកាសថា រដ្ឋាភិបាល និងបើក ការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាខែសីហា ឆ្នាំ ២០២៤ខាងមុខេនះ ដើម្បីភ្ជាប់ វិស័យ ដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក នឹងបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ ។ ដូចនេះសូមបងប្អូនយើងជួយគាំទ្រគំរោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នា និងទទួលយកផលប្រយោជន៍នៅពេលគំរោងនេះសាងសង់រួច។

លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និន បានផ្តល់អំណោយជូនអតីតសមាជិកាអនុសាខាសមាគមនារីក្រុង-ស្រុកទាំង ៨៩នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២០គីឡូក្រាម,ទឹកត្រី ១យួរ, ត្រីខ១យួរ, ស្ករស១គីឡូក្រាម, ទឹកដោះគោឆៅ ១ឡូ ប្រេងឆា ១ដប, មី១កេស និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕