(ភ្នំពេញ)៖ តំណាងអង្គការសហប្រជាជាតិតាមវិស័យនីមួយៗ បានប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែល្អប្រសើរថែម​ទៀត។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងពេលតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀប​ចំ​​កិច្ច​ពិភាក្សា​ប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ជាការអនុវត្តបន្តយន្តការដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានផ្ដួចផ្ដើមគំនិតបង្កើតឡើង និងបានដាក់ឱ្យអនុវត្តប្រមាណ ១ទសវត្សរ៍កន្លងមក។ សម្តេចធិបតី ចាត់ទុកកិច្ចពិភាក្សានេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី បានលើកឡើងដែរថា ជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤នេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិ ជាស្នូលសំដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, សាមគ្គីភាព, កិច្ចអភិវឌ្ឍន៍ និងវិបុលភាពរួមសម្រាប់ទាំងអស់គ្នា ហើយជំនួបប្រចាំឆ្នាំលើកនេះក៏ជាវេទិកាសម្រាប់ប្រព័ន្ធអង្គការសហប្រជាជាតិ ដែលផ្ដល់ការគាំទ្រប្រកបដោយស័ក្ដិសិទ្ធិភាពដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលដៅអាទិភាព នៃកិច្ចអភិវឌ្ឍន៍ក្នុងដំណើរឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជាដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ផងដែរអំពីជំនួបពិភាក្សាប្រចាំឆ្នាំ ដោយកំណត់យកមូលបទ៖ «ពង្រីកសមត្ថភាពផលិតសំដៅឈានទៅចាកចេញ​ប្រកបដោយចីរភាព របស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» ហើយជ្រើសរើសប្រធានបទ​សំខាន់២ សម្រាប់ពិភាក្សា គឺទី១៖ ជំរុញការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ, និងទី២៖ ពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន។

គោលដៅចម្បងនៃជំនួបពិភាក្សាឆ្នាំ២០២៤នេះ គឺទី១៖ ពិនិត្យរួមគ្នាលើកិច្ចខិតខំប្រឹង​ប្រែងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិកន្លងមក ក្នុងការរួមចំណែកដល់ការ​អភិវឌ្ឍកម្ពុជា និងលើកឡើងអំពីបណ្ដាអាទិភាពនៃក្របខ័ណ្ឌសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ និងទី២៖ ពិនិត្យរួមគ្នាដើម្បី
កំណត់បញ្ហាប្រឈមដែលអាចកើតឡើងជាយថាហេតុពីការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងអនុវត្តវិធានការគាំទ្រចាំបាច់ដើម្បីធានាការចាកចេញដោយរលូន និងប្រកបដោយចីរភាព។

បន្ទាប់ពីកិច្ចពិភាក្សា និងបទអន្តរាគមន៍លើប្រធានបទសំខាន់ៗរបស់ក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលតំណាងប្រព័ន្ធអង្គការសហប្រជាជាតិ តាមវិស័យនីមួយៗ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រក៏ដូចជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការគាំទ្រកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ប្រកបដោយចីរភាព និងសម្រេចបាននូវការអភិវឌ្ឍមូលធនមនុស្សតាមរយៈការអប់រំ និងការពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន ដើម្បីចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ក្នុងឱកាសនៃការថ្លែងសុន្ទរកថាបិទកិច្ចពិភាក្សានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធអង្គការសហប្រជាជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូក្នុងការអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍លើការងារអាទិភាពចំនួន៣រួមមាន៖

ទី១៖ បញ្ចប់ការរៀបចំបង្កើតគណៈកម្មាធិការដឹកនាំការងារ (Joint Steering Committee) ឱ្យបានឆាប់ ដែលនេះជាយន្តការសម្រាប់ពិនិត្យការអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព, ផ្ដល់ទិសដៅជាយុទ្ធសាស្ត្រ និងផ្ដល់កិច្ចសម្របសម្រួលរវាងរាជរដ្ឋាភិបាលជាមួយភាគីពាក់ព័ន្ធទាំងអស់ ដែលមានអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិ ជាសហប្រធាន។

ទី២៖ អនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការការងាររួម (Joint Work Plan របស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដែលជាឧបករណ៍សម្រាប់ធានាឱ្យមានកិច្ចសហការគ្នាក្នុងការអនុវត្តសកម្មភាពរវាងបណ្ដាភ្នាក់ងារនៃប្រព័ន្ធអង្គការសហប្រជាជាតិ ក៏ដូចជាលើកកម្ពស់គណនេយ្យភាពចំពោះលទ្ធផលក្នុងកិច្ចអភិវឌ្ឍន៍ (Accountability for Development Results) បន្ទាប់ពីផែនការការងាររួមនេះត្រូវបានអនុម័តដោយគណៈកម្មាធិការដឹកនាំការងារ។

ទី៣៖ ពិភាក្សាយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីរៀបចំគម្រោង ឬកម្មវិធីក្នុងគោលដៅឆ្លើយតបតម្រូវការពិតប្រាកដរបស់ក្រសួង និងស្ថាប័ន ក៏ដូចជាធានាសង្គតិភាពជាមួយវិស័យអាទិភាពដែលបានកំណត់ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ និងរៀបចំបញ្ចប់ក្របខ័ណ្ឌហិរញ្ញប្បទានពហុឆ្នាំ (Multi-year Funding Framework) និងរួមគ្នាកៀរគរហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ដទៃទៀត សម្រាប់បន្ថែមដើម្បីបំពេញឱ្យធនធានផ្ទាល់របស់ប្រព័ន្ធអង្គការសហប្រជាជាតិក្នុងគោលដៅធានាឱ្យមានធនធានគ្រប់គ្រាន់សម្រាប់អនុវត្តសកម្មភាពទាំងអស់៕