(សៀមរាប)៖ នៅវេលាម៉ោង០៥:៥០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបចំនួន១២នាក់ និងប្រើទូកស្មាច់ចំនួន០៤គ្រឿង ដឹកដោយលោកវរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចូលរួមសហការណ៍ ជាមួយគណៈបញ្ជាការឯកភាពក្រុងសៀមរាប និងផ្នែករដ្ឋបាលជលផលចុងឃ្នៀស ដឹកនាំដោយលោក ហាយ យង់ អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល។

សកម្មភាពនេះ ស្ថិតនៅចំណុចផ្លូវទឹកកប៉ាល់ ក្នុងបឹងទន្លេសាប ស្ថិតក្នុងភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ពេលនោះក្រុមការងារឃាត់ចាប់បានជនសង្ស័យចំនួន០២នាក់ ដែលបានប្រព្រឹត្តបទល្មើសធ្វើនេសាទ ដោយឧបករណ៍អ៊ួនអូសទឹកសាបរួមផ្សំខ្សែភ្លើងឆក់ ដែលជាបទល្មើសជលផល ។

ជនប្រព្រឹតបទល្មើដ មានឈ្មោះ ដូចខាងក្រោម៖
១-ង្វៀង យុាំងលី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ទីលំនៅបច្ចុប្បន្នភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
២-ចាំង យុាំង អ៊ុក ភេទប្រុស អាយុ១៨ឆ្នាំជនជាតិវៀតណាម ទីលំនៅបច្ចុប្បន្នភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

ហើយសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន៖
១.ឧបករណ៍ល្មើសច្បាប់អ៊ួនអូសទឹកសាបរួមផ្សំដោយខ្សែភ្លើងឆក់
២.កាណូតសំបកកាវចំនួន០១គ្រឿង បណ្តោយប្រវែង៧,២ម៉ែត្រ ទទឹងប្រវែង០១ម៉ែត្រ ជម្រៅ០,៥ម៉ែត្រ ម៉ាសុីនម៉ាកលុចសុីស កម្លាំង៣០០សេះ ។
៣.សាច់អ៊ួនប្រវែង៣៥ម៉ែត្រ សាច់មុខ២០ម៉ែត្រ ក្រឡា០,០៨ម៉ែត្រនិង០,១៥ម៉ែត្រ
៤.ខ្សែទាញប្រវែង៣០ម៉ែត្រ
៥.ខ្សែភ្លើងប្រវែង៤០ម៉ែត្រ
៦.ម៉ាសុីនឆក់ត្រជាក់ចំនួន០១គ្រឿង
៧.ត្រីចំនួន៣០គីឡូក្រាម

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ និងវត្ថុតាងខាងផ្នែកជលផលចុងឃ្នៀស អនុវត្តតាមនិតិវិធីច្បាប់ស្តីពីជលផល ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕