(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងថា នៅតាមបណ្ដោយចំណីមាត់ព្រែកបាក់ទូក នឹងមានដាំទៅដោយដើមឈើ និងដើមផ្កា ដើម្បីកែលម្អ និងលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញ និងអាចបញ្ជៀសបានមួយចំនួននូវការកកស្ទះចរាចរ ក្រោយពីការកសាងស្ថាបនាផ្លូវប្រវែងជិត៣០០០ម៉ែត្ររួចរាល់ជាស្ថាពរ និងចេញជារូបរាងនាពេលខាងមុខ ជូនបងប្អូនប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោក ជិន ប៊ុនធឿន ធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីសង្កាត់ពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមបណ្ដោយចំណីព្រែកបាក់ទូក ដើម្បីត្រៀមដាក់គ្រឿងចក្រឈូសឆាយធ្វើផ្លូវប្រមាណជិត៣០០០ម៉ែត្រ ដែលតភ្ជាប់ពីសង្កាត់ទួលសង្កែទី១ ទៅរហូតដល់សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

លោកអភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បន្ទាប់ពីដាក់គ្រឿងចក្រ និងឈានដល់ការឈូសឆាយធ្វើផ្លូវប្រវែងជិត ៣០០០ម៉ែត្ររួចរាល់ហើយនោះ នឹងមានការដាំទៅដោយដើមឈើ និងដើមផ្កា នៅតាមបណ្ដោយចំណីព្រែកបាក់ទូក ដើម្បីកែលម្អរ និងលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញ និងអាចបញ្ជៀសបានមួយចំនួននូវការកកស្ទះចរាចរ ដែលតភ្ជាប់ពីសង្កាត់ទួលសង្កែទី១ រហូតដល់សង្កាត់គីឡូម៉ែតលេខ៦ ជូនបងប្អូនប្រជាពលរដ្ឋ៕