(សៀមរាប)៖ បន្ទាប់ពីប្រគល់អំណោយជាលើកទី៧ ដល់មន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមជាមួយ លោកស្រី ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅថ្ងៃដដែលនេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាលើកទី២ ដល់គ្រួសារស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួន ២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាទី៣ សៀមរាប អង្គរ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេសការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក៏ដូចជាមន្ទីរពេទ្យកុមារគន្ធបុប្ផានៅភ្នំពេញ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង។

ជាពិសេសជាងនេះទៅទៀត គឺចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់ លោក Beat Richner (បេអាត​ រីចឈ្នឺ) ដែលបានលះបង់កម្លាំងកាយចិត្តពេញមួយជីវិតដើម្បីមន្ទីរពេទ្យនេះ បើទោះបីជាលោកបានទទួលមរណភាពហើយក្តី ដ៏ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ នៅតែចងចាំក្នុងបេះដូងជានិច្ច។ ទន្ទឹមនឹងនេះ លោកស្រីបានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរឹតបន្តឹងចំណងសាមគ្គីភាពជាមួយមូលនិធិគន្ធបុប្ផាស្វីស ដើម្បីបន្តនិរន្តរភាពផ្តល់សេវាសុខភាពដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ លោកសាស្ដ្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាទី៣ ខេត្តសៀមរាប បានថ្លែងថា តាងនាមបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាទី៣ ខេត្តសៀមរាប មានទឹកចិត្ដសប្បាយរីករាយខ្លាំងណាស់ និងមានកិត្ដិយសដ៏ធំធេងសម្រាប់ថ្ងៃនេះ ពិសេសសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌ របស់មាតាមនុស្សធម៌របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុនសែន ដែលតែងតែយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់រូបៗដោយគ្មានការរើសអើង និងមានភាពស្មើគ្នា ពិសេសការសណ្ដោសប្រណី មេត្ដា ករុណា ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត ដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយផ្ដល់នូវថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈ ជួយសម្រាលការលំបាក ទាំងជីវភាព និងផ្លូវចិត្ដ។

សម្រាប់មន្ទីរពេទ្យមន្ទីរពេទ្យជ័យវ័រ្មនទី៧ គន្ធបុប្ផាទី៣ សៀមរាបអង្គរ និងគន្ធបុប្ផាភ្នំពេញវិញ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺតែងតែផ្ដល់ថវិកាចំនួន ១លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំជួយដល់កុមារកម្ពុជា ដែលគិតដល់ពេលនេះ ជាលើកទី១៣ហើយ។

សម្រាប់គ្រួសារស្ត្រីជាមាតា និងស្ដ្រីទើបសម្រាលកូនទាំង ២៨០នាក់ ដែលមកទទួលសេវាសុខភាពពីមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាទី៣ ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរពីសុខភាព និងជីវភាពរស់រហូតមក។ ជាពិសេសម្រាប់ថ្ងៃនេះ គឺបានផ្តល់ជូនគ្រួសារនីមួយៗនូវឃីត១ ដែលមាន មុង ភួយ សារុង ក្រមា សាប៊ូ ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យជ័យវរ្ម័នទី៧ មានគ្រែសម្រាកព្យាបាលសរុបចំនួន ១១៦៩គ្រែ ដោយក្នុងនោះ ផ្នែកសម្ភពមានចំនួន ២៦៦គ្រែ ដែលបម្រើសេវាព្យាបាលថែទាំ២៤ម៉ោង។ សកម្មភាពប្រចាំថ្ងៃនៅមន្ទីរពេទ្យរួមមាន៖

១៖ ពិនិត្យពិគ្រោះនិងព្យាបាលជំងឺក្រៅ៖ ផ្នែកកុមារជាមធ្យមពី ៨០០-១,២០០នាក់, ផ្នែកសម្ភពជាមធ្យមពី ៣៥០-៥០០នាក់, ផ្នែកចាក់ថ្នាំបង្ការជាមធ្យម ៥០-៨០នាក់។
២៖ ផ្នែកជំងឺសម្រាកពេទ្យ៖ ផ្នែកកុមារជាមធ្យម ១,២០០-១,៥០០នាក់, ផ្នែកវះកាត់ជាមធ្យម មានចំនួនករណីវះកាត់ ៣០-៤០នាក់ ដែលក្នុងនោះមានការវះកាត់បេះដូង ចំនួន៣ករណី, ស្ត្រីសម្រាលកូនជាមធ្យមមានចំនួនពី ៥០-៧០នាក់។

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពិនិត្យព្យាបាល ជំងឺកុមារនៅផ្នែកពិគ្រោះជំងឺក្រៅ (OPD) ចំនួន ៦,៤២១,០៩០ករណី, កុមារក្រោមអាយុ១៥ឆ្នាំ ចំនួន ១,១៥២,៧៥៥នាក់ (IPD) ត្រូវបានសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ និងផ្នែកសម្ភព, បានពិនិត្យព្យាបាលស្ត្រីមានផ្ទៃពោះ ចំនួន ២,៣៤០,៥១២ករណី និងសម្រាល កូនបានចំនួន ៤០៨,១៤៤កំណើត។ រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ មន្ទីរពេទ្យបានទទួលពិនិត្យតាមដានផ្ទៃពោះចំនួន ៤១,០៧៩ករណី និងសម្រាលកូនបានចំនួន ១០,៩២៨នាក់ ក្នុងអត្រាកើតដោយវះកាត់ (Cesarean Section) ចំនួន១៨% និងអត្រាមរណភាពមាតាឆ្លងទន្លេក្នុងមន្ទីរពេទ្យចំនួន ០,០២%។ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ២,១៨៦នាក់ (មានបណ្ណសមធម៌ ១.៤១០ករណី និងមានបណ្ណ ប.ស.ស ៧៧៦ករណី) បានទទួលនូវអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភ អំពីគោលនយោបាយសមធម៌ និងគាំពារសង្គមនៃរាជរដ្ឋាភិបាលកម្ពុជា៕