(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្ដែងការព្រួយបារម្ដយ៉ាងខ្លាំង ដោយបានឃើញមានការលក់ចែកចាយ បារីអេឡិចត្រូនិក តាមប្រព័ន្ធអនឡាញ តាមរូបភាពលួចលាក់ និងមានការប្រើប្រាស់ប្រភេទបារីអេឡិចត្រូនិកក្នុងចំណោម យុវជន។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពារកុមារពីផលិតផលថ្នាំជក់» នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នាសណ្ឋាគារកាំបូឌីយ៉ាណា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា ថ្មីៗនេះក្រសួងសុខាភិបាលមានការបារម្ភ ដោយបានឃើញមានការលក់ចែកចាយ បារីអេឡិចត្រូនិក តាមប្រព័ន្ធអនឡាយ តាមរូបភាពលួចលាក់ និងមានការប្រើប្រាស់ប្រភេទបារីអេឡិចត្រូនិកក្នុងចំណោមយុវជន។ បារីអេឡិចត្រូនិក ផលិតផលអេចណ៍ ធី ភី (HTPs) និងស៊ីស្សា (SISHA) ជាប្រភេទផលិតផលថ្មី ដែលបានបង្កើតឡើងដោយឧស្សាហកម្មថ្នាំជក់ និងធ្វើការផ្សព្វផ្សាយថាជាផលិតផល ដែលមិនមានផលប៉ះពាល់ដូចបារីធម្មតា ឬជាឧបករណ៍ជួយឱ្យផ្តាច់បារីជាដើម។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក និងការសិក្សាជាច្រើនបង្ហាញថា ផលិតផលទាំងអស់នេះ គឺបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជា ការប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់យុវវ័យ និងជំងឺមហារីក ព្រមទាំងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយញៀនដោយសារធាតុញៀនផ្សេងៗក្នុងផលិតផល។ លើសពីនេះការចាប់ផ្តើមប្រើប្រាស់បារីអេឡិចត្រូនិក ក៏អាចជាការបើកផ្លូវឱ្យយុវជនទៅប្រើប្រាស់ ផលិតផលថ្នាំជក់ និងគ្រឿងញៀនផ្សេងទៀតផងដែរ»។

បារីអេឡិចត្រូនិកទាំងអស់នេះ ត្រូវបានហាមឃាត់ដោយសេចក្តីណែនាំស្តីពីការចាត់វិធានការ បង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចណ៍ ធី ភី (HTPs) នៅកម្ពុជា របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។បារីអេឡិចត្រូនិក មិនឃើញមានលក់ជាសាធារណៈទេ ប៉ុន្តែយើងសង្កេតឃើញមានជនឆ្លៀតឱកាស ធ្វើការផ្សព្វផ្សាយលក់តាមរយៈបណ្តាញព័ត៌មានសង្គម ដូចជា Facebook, Instagram, TikTok ជាដើម ហើយការប្រើប្រាស់បារីអេឡិចត្រូនិក នៅតែមានតាមសាលារៀន និងកន្លែងផ្សេងៗ ក្នុងទម្រង់ លួចលាក់។ ក្រសួងពាក់ព័ន្ធមួយចំនួន ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញវិធានការណ៍ទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចណ៍ ធី ភី (HTPs) ផងដែរ។ លោកសាស្ដ្រាចារ្យ ឈាង រ៉ា ក៏បានបន្ដធ្វើការអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានស្នើឱ្យមានការទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទគ្រប់ទម្រង់បន្តទៀត និងជំរុញការអនុវត្តវិធានការការបោះពុម្ពសារ ព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់, ហាមឃាត់ការជក់ ឬ បង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងសាធារណៈ រួមគ្នាបង្កើតទីក្រុងគ្មានផ្សែងផលិតផលថ្នាំជក់ ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ឱ្យកាន់តែទូលំទូលាយ, ទប់ស្កាត់ការលក់ ចែកចាយ ឬ ប្រើប្រាស់បារីអេឡិចត្រូនិក។ លើសពីនេះ ក្រសួងសុខាភិបាលបានខិតខំបង្កើតសេវាផ្តល់ប្រឹក្សា លះបង់ទម្លាប់ជក់បារីនៅតាមមណ្ឌលសុខភាព ដោយមានការជួយជំរុញពីមេភូមិ អាជ្ញាធរដែនដី ឱ្យអ្នកជក់ផលិតផលថ្នាំជក់ មកប្រើប្រាស់សេវានៅមណ្ឌលសុខភាព ដើម្បីលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ ដើម្បីបង្ការ ជំងឺមិនឆ្លងនៅទូទាំងប្រទេស។

ក្នុងនាមលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងពាក់ព័ន្ធ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ រដ្ឋបាលរាជធានី-ខេត្ត អង្គការសុខភាពពិភពលោក និងគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងជំរុញយ៉ាងសកម្ម ក្នុងការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ទទួលបានជោគជ័យជាទីមោទនៈ ដើម្បីកាត់បន្ថយកត្តាហានិភ័យរបស់ប្រជាជនកម្ពុជាពីជំងឺមិនឆ្លង។

លោកសាស្ដ្រាចារ្យបន្ដថា «ផលិតថ្នាំជក់មានសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពមនុស្ស និងមានសារធាតុនីកូទីន ដែលធ្វើឱ្យញៀន វាសម្លាប់មនុស្ស ជាង ៨លាននាក់ក្នុងមួយឆ្នាំ នៅទូទាំងពិភពលោក ដោយបង្ក ជាជំងឺមិនឆ្លងនានាដូចជាជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង ជំងឺសួត និងជំងឺផ្សេងៗ ជាច្រើនទៀត ព្រមទាំងប៉ះពាល់ដល់ សេដ្ឋកិច្ច បរិស្ថាន និងសង្គមផងដែរ។ ឧស្សាហកម្មថ្នាំជក់ តែងតែបានចំណាយប្រាក់ជាច្រើនជារៀងរាល់ឆ្នាំ និងរកគ្រប់យុទ្ធសាស្ត្រដើម្បីរក្សា និងបង្កើនទីផ្សារ ដោយធ្វើគ្រប់ទម្រង់នៃការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ដើម្បីជះឥទ្ធិពល លើកុមារ និងយុវជន និងបានអភិវឌ្ឍន៍ទម្រង់ថ្មីៗរបស់ផលិតផលថ្នាំជក់ ដូចជា បារីអេឡិចត្រូនិក ផលិតផលអេចណ៍ ធី ភី (HTPs) និងស៊ីស្សា (SISHA) ជាដើម ក្នុងរូបរាង ទំហំ និងរសជាតិច្រើនបែបយ៉ាង ដើម្បីទាក់ទាញ កុមារ និងយុវជនឱ្យប្រើប្រាស់ផលិតផលថ្នាំជក់»

ទិវាពិភពលោកគ្មានថ្នាំជក់នាឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «ការពារកុមារពីផលិតផល ថ្នាំជក់» លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមការពារកុមារពីផលិតផលថ្នាំជក់ និងបារីអេឡិកត្រូនិច តាមរយៈការជំរុញការអនុវត្តច្បាប់ដែលមាន ការអប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក និងជំរុញការអនុវត្តបរិស្ថានគ្មានផ្សែង ផលិតផលថ្នាំជក់។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស និងលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល បានចាត់ទុកការបង្ការជំងឺមិនឆ្លង គឺជាអាទិភាពចម្បងមួយ ដែលក្នុងនោះការត្រួតពិនិត្យ ផលិតផលថ្នាំជក់ជាផ្នែកដ៏សំខាន់មួយក្នុងការបង្ការជំងឺមិនឆ្លង។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ថែមថា ក្រសួងសុខាភិបាលបានប្រឹងប្រែងជំរុញការបង្កើត និងអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាសនានា ស្តីពីការត្រួតពិនិត្យផលិតថ្នាំជក់ និងធ្វើការអប់រំផ្សព្វផ្សាយ អំពីផលប៉ះពាល់ផលិតផលថ្នាំជក់ ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងដៃគូនានា ធ្វើឱ្យអត្រាការប្រើប្រាស់ថ្នាំជក់ ទាំងក្នុងចំណោមមនុស្សពេញវ័យចាប់ពីអាយុ ១៥ឆ្នាំឡើង និងក្នុងចំណោម ក្មេងវ័យជំទង់ចាប់ពីអាយុ «១៣-១៥ឆ្នាំ» មានការថយចុះជាបន្តបន្ទាប់៕