(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមអបអរទិវាឆ្មប ៥ ឧសភា ក្រោមប្រធានបទ «ពង្រឹងជំនាញវិជ្ជាជីវៈ ឆ្មបដើម្បីលើកកំពស់សេវាថែទាំព្យាបាលសុខភាព មាតា ទារក និងយុវវ័យ បរិបទការប្រែប្រួលអាកាសធាតុ» សាខាកាកបាទ ក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រគល់អំណោយដល់ស្រ្តីមានផ្ទៃពោះ និងពេទ្យឆ្មប២០០នាក់។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកស្រីចៅសង្កាត់ព្រះពន្លា និងសង្កាត់អូរអំបិល នៅក្នុងសាលាគរុកោសល្យខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោក ឡេ ច័ន្ទ សង្វាត សមាជិកគណៈកម្មាធិការសាខាបានឱ្យដឹងថា ថ្ងៃនេះមានស្រ្តីមានផ្ទៃពោះ ១០០នាក់ និងពេទ្យឆ្មប១០០នាក់ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃទិវាឆ្មប ៥ ឧសភា ទិវាឆ្មបនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យឆ្មបនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ប្រារព្ធទិវានេះឡើងនៅថ្ងៃទី ៥ ខែឧសភា ជារៀងរាល់ឆ្នាំស្របតាមទិវាឆ្មបអន្តរជាតិ ដោយអនុក្រឹត្យលេខ ២៤០ អនក្រ បក ចុះហត្ថលេខាថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០០៨។

ទិវានេះធ្វើឡើងក្នុងគោលបំណងដើម្បីរំលឹកគុណឆ្មបដែលបានបង្កើត ទារកនិង ថែទាំសុខភាព មាតាទារក, បញ្ជាក់ឆ្មបជាភ្នាក់ងារដ៏សំខាន់នៃសេវាសុខភាព, ពង្រឹង ពង្រីកបណ្ដាញឆ្មប និងសមត្ថភាពឆ្មបដោយសហការយ៉ាង ជិតស្និទ្ធជាមួយ សហព័ន្ធឆ្មបអន្តរជាតិ, បង្កើនទំនាក់ទំនងរវាង មន្ត្រី ក្រសួងសុខាភិបាល គ្រប់ជាន់ថ្នាក់និង ដៃគូអភិវឌ្ឍន៍ដែលមានទិសដៅដូចគ្នាក្នុងការថែទាំសុខភាពមាតានិងទារក និងបង្ហាញពីសារៈសំខាន់នៃវិជ្ជាជីវៈឆ្មប។

លោក ឡេ ច័ន្ទ សង្វាត បានថ្លែងបន្តទៀតថា ទិន្នន័យឈ្មោះឆ្មបនៅក្នុងខេត្តបន្ទាយមានជ័យឆ្នាំ២០២៣ និងឆ្នាំ២០២៤សរុបមានចំនួន ៥៥២នាក់ ការងាររបស់ឆ្មបមានគោលបំណងតែមួយគត់ គឺផ្តល់សេវាថែទាំផ្នែក សម្ភពជូនដល់ស្ត្រី មាតា កុមារនិងទារក ជាសាធារណៈឲ្យបានល្អបំផុត ឆ្លងតាមយន្តការនៃការចុះបញ្ជីការផ្តល់អាជ្ញាប័ណ្ណ និងបន្តអាជ្ញាប័ណ្ណ ប្រកបវិជ្ជាជីវៈដល់ឆ្មបដែលចេញដោយគណៈវិជ្ជាជីវៈ ដូច្នេះឆ្មបទាំងអស់តម្រូវឲ្យមាន អាជ្ញាប័ណ្ណដែលមាន សុពលភាពដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការផ្ដល់សេវាថែរក្សាថែទាំនិងព្យាបាលជូនដល់សាធារណជន។

ឆ្មបដើរតួនាទីសំខាន់ក្នុងការរៀបចំ និងដាក់ឲ្យអនុវត្តនៅសេចក្តីសម្រេចប្រកាសបទបញ្ញត្តិ និងច្បាប់នានាដែលពាក់ព័ន្ធនិងការងារឆ្មបដែលកំពុងប្រកបវិជ្ជាជីវៈទាំងអស់នៅក្នុងប្រទេសកម្ពុជា ទាំងច្បាប់ជនជាតិខ្មែរ និងបរទេសទាំងសេវាសាធារណៈ ឯកជន​អង្គការក្រៅរដ្ឋាភិបាលតាមរយៈព្រះរាជក្រឹត្យស្ដីពីការបង្កើតគណៈឆ្មបកម្ពុជា ដើម្បីធានាថាឆ្មបត្រូវមានជំនាញគ្រប់គ្រាន់ និងការផ្តល់សេវាដែលមានគុណភាព ជូនដល់ស្ត្រីមាតាកុមារនិងទារក។

នាឧកាសនោះលោក អ៊ុំ រាត្រី បានអានសារសិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជាថា ទិវាឆ្មប ៥ ឧសភា ក្រោមប្រធានបទ «ពង្រឹងជំនាញ វិជ្ជាជីវៈឆ្មបដើម្បីលើកកំពស់សេវា ថែទាំព្យាបាលសុខភាព មាតា ទារក និងយុវវ័យ បរិបទការប្រែប្រួលអាកាសធាតុ»នេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីសេចក្តីត្រូវការចាំបាច់ក្នុងការពង្រឹងជំនាញវិជ្ជាជីវៈឆ្មបដើម្បើលើកកំពស់សុខភាពកុមារ ទារកនិងយុវវ័យ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាព ព្រោះថា ឆ្មប តាមបទពិសោធន៍ជាច្រើននៅជំវិញពិភពលោករួមទាំងនៅកម្ពុជាផងបានបញ្ហាញឲ្យឃើញថា ប្រទេសណាដែលបានយកចិត្តទុកដាក់ ក្នុងការវិនិយោគលើជំនាញឆ្មប ប្រទេសនោះតែងតែទទួលបានមកវិញនូវសុខសុវត្តិភាពព្រមទាំង សុខុមាលភាពដល់ស្ត្រី មាតា ទារក និយុវវ័យ។

លោក អ៊ុំ រាត្រី បន្តទៀតថា ឆ្មបជំនាញទាំងអស់នឹងទទួលបានការពង្រឹងបំប៉នជំនាញបន្ថែម ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាជូនស្ត្រី មាតា ទារក កុមារយុវវ័យ លើកកំពស់សុខភាព សុខុមាលភាព ល្អប្រពៃ ដើម្បីជួយឲ្យកម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពតាមការកំណត់នៅឆ្នាំ២០៣០៕