(កំពង់ចាម)៖ សិក្ខាកាមជាយោធាចំនួន ៧៤នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនវិក្រឹតការ នាយទាហានថ្នាក់បញ្ជាការ-សេនាធិការវិស្វកម្ម ជំនាន់ទី៣ រយៈពេល៦ខែ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ កងយោពលខេមរភូមិន្ទ ស្ថិតនៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ពិធីបិទវគ្គ-បើកវគ្គវិក្រឹតការ និងវគ្គបណ្តុះបណ្តាលជំនាញវិស្វកម្ម ឆ្នាំ២០២៤ បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រួមជាមួយនាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងវិស្វកម្ម ព្រមទាំងថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាច្រើនរូបទៀត។

នៅឆ្នាំ២០២៤នេះ វិទ្យាស្ថានវិស្វកម្មមរតកតេជោ ក៏កំពុងបន្តវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានថ្នាក់បញ្ជាការ-សេនាធិការវិស្វកម្មជំនាន់ទី១ មានសិក្ខាកាមចំនួន ១០៣នាក់ និងបើកវគ្គហ្វឹកហ្វឺនវិក្រឹតការនាយទាហានថ្នាក់បញ្ជាការ-សេនាធិការវិស្វកម្ម ជំនាន់ទី៤ រយៈពេល៦ខែ មានសិក្ខាកាម ចំនួន ៦០នាក់ ព្រមទាំងបើកវគ្គហ្វឹកហ្វឺនជំនាញឯកទេសវត្ថុរារាំង និងបំផ្លាញផ្ទុះ ជំនាន់ទី១ រយៈពេល៦ខែ មានសិក្ខាកាមចំនួន ៧៧នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង និងយោធិន របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ដែលបានខិតខំបំពេញតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការបានប្រគល់ឱ្យទោះបីការងារនោះលំបាក ស្មុគស្មាញយ៉ាងណាក៏ដោយ ក៏បញ្ជាការដ្ឋានវិស្វកម្មបានពុះពារគ្រប់បែបយ៉ាងធ្វើឱ្យសម្រេចជោគជ័យតាមផែនការ ជាពិសេសការកសាងផ្លូវតាមបន្ទាត់ព្រំដែន ការចូលរួមបោះបង្គោលព្រំដែន និងភារកិច្ចជាយុទ្ធសាស្ត្រជាច្រើនទៀត។ កត្តានេះក៏បញ្ជាក់ឱ្យឃើញពីការដឹកនាំ ការសាមគ្គីភាព និងការគោរពវិន័យហើយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ដែលបានខិតខំកសាងជំនាញវិស្វកម្ម ឱ្យយោធិនទាំងអស់មានសមត្ថភាពបំពេញភារកិច្ចតាមតួនាទីជំនាញរបស់ខ្លួន និងមានការគោរពវិន័យ គោរពបទបញ្ជា ព្រមទាំងស្មោះត្រង់ចំពោះជាតិមាតុភូមិ។ ជំនាញវិស្វកម្មមានភារកិច្ចសំខាន់ណាស់ ទោះបីក្នុងពេលប្រយុទ្ធ ក៏ដូចជាពេលមានសន្តិភាពក៏ដោយ ក្នុងពេលប្រយុទ្ធយោធិនវិស្វកម្មមានភារកិច្ចជាច្រើន និងគ្រោះថ្នាក់បំផុត ហើយការប្រយុទ្ធ នៅសមរភូមិបើមិនមានការចូលរួមពីជំនាញវិស្វកម្មក្នុងការដោះមីន ការធ្វើផ្លូវចល័ត កសាងទីតាំង លេណដ្ឋាន ជំរុំជម្រកឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា វាអាចជះឥទ្ធិពលដល់ការប្រយុទ្ធផងដែរ និងក្នុងពេលសន្តិភាព ជំនាញវិស្វកម្មក៏មានតួនាទីសំខាន់ទៀត ក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងកសាងសំណង់យុទ្ធសាស្ត្រដ៏ច្រើនដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន បានចូលរួមកសាងផ្លូវ ថ្នល់ ស្ពានតូច-ធំជាច្រើន ជាពិសេសការកសាងផ្លូវយុទ្ធសាស្ត្រតាមបន្ទាត់ព្រំដែន ការចូលរួមបោះបង្គោលព្រំដែន សុទ្ធសឹងជាភារកិច្ចយុទ្ធសាស្ត្រ និងជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ដោយឡែកសម្រាប់ «ពិធីបិទ-បើកវគ្គវិក្រឹតការ និងវគ្គបណ្តុះបណ្តាលជំនាញវិស្វកម្ម ឆ្នាំ២០២៤» គឺជាការរួមចំណែក្នុងការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចក្នុងកិច្ចការងារការពារបូរណភាពទឹកដី ជាពិសេសឱ្យមានសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា សិក្ខាកាមដែលបញ្ចប់វគ្គសិក្សាត្រូវសិក្សាស្វែងយល់អំពីគ្រឿងបំពាក់ថ្មីៗ ជំនាញ និងបច្ចេកទេសវិស្វកម្មសម្រាប់ប្រើប្រាស់ក្នុងស្ថានភាពសង្គ្រាមក្នុងពេលបច្ចុប្បន្ន ព្រមទាំងឧបករណ៍បច្ចេកវិទ្យានានាដែលជួយជំនាញក្នុងការគិតគូរផ្នែកបច្ចេកទេសឱ្យរហ័ស សុក្រឹត និងសម្រេចជោគជ័យក្នុងពេលប្រតិបត្តិការ។ ត្រូវបន្តខិតខំកសាងផ្លូវយុទ្ធសាស្ត្រតាមបណ្តោយព្រំដែន និងចូលរួមបោះបង្គោលព្រំដែន ដែលរាជរដ្ឋាភិបាលបានប្រគល់ឱ្យដើម្បីបម្រើឱ្យនយោបាយការពារបូរណភាពទឹកដី និងយុទ្ធសាស្ត្រការពារជាតិ។

បើតាមឧត្តមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម បានលើកឡើងថា អនុវត្តតាមសច្ចាប័នរបស់គណៈកម្មការដឹកនាំការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ដែលបានដាក់ចេញចាប់តាំងពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ន សាលាវិស្វកម្មតេជោបានចាត់តាំងហ្វឹកហ្វឺនបណ្តុះបណ្តាលចំនួន១២វគ្គ មានសិក្ខាកាមចំនួន ២,១៨០នាក់។

ឧត្តមសេនីយ៍ទោ សឹង សុខន បានបន្តថា ដោយឡែកនៅក្នុងឆ្នាំសិក្សា២០២៤នេះ វិទ្យាស្ថានវិស្វកម្មតេជោ នឹងបើកដំណើការវគ្គសិក្សាចំនួន៤វគ្គ គឺមានចំនួន៣វគ្គ គឺវគ្គវិក្រឹតការនាយទាហានថ្នាក់បញ្ជាការ-សេនាធិការវិស្វកម្មជំនាន់ទី៤ វគ្គបណ្តុះបណ្តាលជំនាញឯកទេសសំណង់គមនាគមន៍ ជំនាន់ទី២ និងវគ្គបណ្តុះបណ្តាលជំនាញឯកទេសវត្ថុរារាំង និងបំផ្លាញផ្ទុះជំនាន់ទី១ និងវគ្គបណ្តុះបណ្តាលនាយទាហានថ្នាក់បញ្ជាការសេនាធិការ-វិស្វកម្ម រយៈពេល១ឆ្នាំ ជំនាន់ទី២ នាចុងឆ្នាំ២០២៤ ខាងមុខនេះ៕