(កំពង់ឆ្នាំង)៖ ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការបណ្ដុះបណ្ដាលគ្រូបង្គោលប្រជាការពារឃុំ-សង្កាត់ ចំនួន៧១ឃុំ-សង្កាត់នៅក្នុងខេត្តកំពង់ឆ្នាំង ដោយមានប្រជាការពារចូលរួមជាង៧៨៣នាក់។

កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោក-លោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុងស្រុក លោកអធិការនគរបាលក្រុងស្រុកទាំង៨ លោក-លោកស្រីមេឃុំ ចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់និងប្រជាការពារចូលរួមសរុប៧៨៣នាក់។

លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា ប្រជាការពារនៅក្នុងឃុំ-សង្កាត់ទាំង៧១ របស់ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមានជាង៦.០០០នាក់ ប្រជាការពារទាំងអស់មានតួនាទី និងភារកិច្ចសំខាន់ ណាស់នៅគ្រប់មូលដ្ឋានក្នុងការចូលរួមកិច្ចការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ការពារការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់បង្ក្រាបក្មេងទំនើងល្បែងស៊ីសងជាមួយសមត្ថកិច្ចនគរបាល។ ជួយធ្វើកិច្ចការងារសង្គមជាច្រើនទៀតដូចជា ជួយពន្លត់អគ្គិភ័យដូចជាភ្លើងឆេះផ្ទះ ភ្លើងឆេះព្រៃ និងជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ ដូចជាទឹកជំនន់ខ្យល់កន្ត្រាក់រលំផ្ទះ ត្រូវជួយជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋ ដែលមិនអាចខ្វះបងប្អូនប្រជាការពារយើងបានឡើយ។

លោកអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តថា អនុវត្តតាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាលគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកនិងរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែប្ដេជ្ញាបង្រ្កាបក្មេងទំនើង នៅក្នុងមូលដ្ឋានឲ្យបានជោគជ័យ និងល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យកើតមានជាដាច់ខាត។

លោកអភិបាលខេត្ត បានស្នើសុំឲ្យមន្ទីរផែនការខេត្ត ចុះពិនិត្យធ្វើប័ណ្ណសមធម៌ជូនបងប្អូនប្រជាការពារដែលមានជីវភាពក្រីក្រខ្វះខាតតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនូវតួនាទី និងភារកិច្ចដ៏សំខាន់ របស់បងប្អូនប្រជាការពារយើង លោកអភិបាលខេត្តក៏បានប្រកាសបង្កើតមូលនិធិប្រជាការពារមួយ ក្នុងកិច្ចប្រជុំនេះនៅក្នុងខេត្ត ដើម្បីប្រមូលថវិការជួយទំនុកបម្រុងឧបត្ថម្ភជូនបងប្អូនប្រជាការពារយើងផងដែរ។

លោកស្រី កែ ច័ន្ទមុន្នី នៅក្នុងពិធីនេះ បានថ្លែងថា «បងប្អូនប្រជាការពារយើងនៅគ្រប់មូលដ្ឋានពិតជាមានភារកិច្ចដ៏ឧត្តុង្គឧត្តមណាស់ព្រោះបងប្អូនប្រជាការពារយើងបានស្ម័គ្រចិត្តធ្វើការងារជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងយប់ទាំងថ្ងៃគ្រប់ ការងារដែលបានតម្រូវដូចជាការរក្សាសន្តិសុខស ណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានដោយគ្មានប្រាក់ខែឡើយ ដើម្បីសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីសុខសន្តិភាពនៅក្នុងសង្គមជាតិ»

នាឱកាសនោះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានថ្លែងថា ប្រជាការពារពិតជាកងកម្លាំងស្នូលដ៏មានសារៈសំខាន់សម្រាប់មូលដ្ឋានពិសេសសជាកម្លាំងស្នូលជួយការងារដល់សមត្ថកិច្ច នគរបាលរដ្ឋបាលនៅមូលដ្ឋាន។ ប្រជាការពារគ្មាននីតិសម្បទាជានគរបាលយុត្តិធម៌ឡើយ តែពួកគាត់មានសិទ្ធិបង្ក្រាបក្មេងទំនើងចោរកម្ម ល្បែងស៊ីសងដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរដើម្បីចាប់បញ្ជូន ជនសង្ស័យជូនសមត្ថកិច្ចនគរបាលជំនាញ។ ដូច្នេះប្រជាការពារត្រូវមានក្រុមសីលធម៌ និងតួនាទីឲ្យបានច្បាស់លាស់ក្នុងពេលសហការប្រតិបត្តិការជាមួយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។

លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការបណ្ដុះបណ្ដាលគ្រូបង្គោលប្រជាការពារតាមឃុំសង្កាត់នៅក្នុងពេលនេះមានប្រជាការពារសរុបចំនួន៤៧៣ក្រុម ស្មើនិង៥៣៨៣នាក់ ត្រូវបណ្ដុះបណ្ដាលអំពីសិទ្ធិ និងតួនាទីប្រជាការពារដោយធ្វើឱ្យចប់ត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ។ ដូច្នេះក្នុងនាមស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្នើសុំអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ រដ្ឋបាលក្រុងស្រុក និងលោកនា យប៉ុស្តិ៍ឃុំសង្កាត់ និងលោកអធិការក្រុងស្រុក សូមជួយសហការធ្វើកិច្ចការនេះឲ្យបានជោគជ័យ ដើម្បីរាយការណ៍ជូនក្រសួងមហាផ្ទៃ។

ដោយឡែកការគ្រប់គ្រងប្រជាការពារឃុំសង្កាត់គឺប៉ុស្តិ៍រដ្ឋបាលនិងអធិការក្រុង-ស្រុក ដែលត្រូវធ្វើបញ្ជីឈ្មោះប្រជាការពារគ្រប់មូលដ្ឋានឃុំ-សង្កាត់លេខទូរសព្ទឲ្យបានច្បាស់លាស់ និងត្រូវធ្វើបច្ចុប្បន្នភាពប្រជាការពារ៣ខែម្ដង ដោ យឡែកស្នងការនគរបាលខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពប្រជាការពាររៀងរាល់៦ខែម្ដង ដើម្បីរាយការណ៍ជូនក្រសួងមហាផ្ទៃ។

នៅចុងបញ្ចប់ នៃកិច្ចប្រជុំនេះលោកអភិបាលខេត្តបានប្រកាសមូលនិធិប្រជាការពារដែលប្រមូលថវិកាបានពីសប្បុរសជនមានអស់លោក-លោកស្រីជាថ្នាក់ដឹកនាំទាំងអស់ ក្នុងពិធីនេះសរុបបានចំនួន៣៣ លានរៀលផងដែរ ដើម្បីត្រៀមទុកជួយទំនុកបម្រុងដល់បងប្អូនប្រជាការពារ ដែលមានការខ្វះខាតនៅគ្រប់មូលដ្ឋានឃុំ-សង្កាត់ក្នុងខេត្តកំពង់ឆ្នាំងទាំងមូលផងដែរ៕