(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍ ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប។

តាមរយៈសេចក្តីថ្លែងការណ៍ផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ គណបក្សហ្វ៊ុនស៉ិនប៉ិច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺបានឆ្លុះបញ្ចាំងអំពីលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងបរិយាកាសល្អប្រសើររបស់គណបក្សនីមួយៗដែលបានចូលរួម ដូច្នេះគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច សូមប្រកាសទទួលស្គាល់លទ្ធផល ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ប្រកាសកាលពីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤នេះ»

គួរជម្រាបថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី៤ ខែមិថុនា នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើស លប់លើគណបក្សនយោបាយចំនួន ៤ផ្សេងទៀត។ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន៣២៥៧អាសនៈ៕