(កំពង់ចាម)៖ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងលោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក ជាសុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះសួរសុខទុក្ខ និងផ្តល់អំណោយ ដល់លោកយាយទួតជរា ម៉ៅ ថុល អាយុ ១០០ឆ្នាំ ជាម្តាយលោកយាយ សូត្រ ធឿន មានពិការភាពភ្នែក អាយុ ៧៤ឆ្នាំ ព្រមទាំងជនមានពិការភាពភ្នែក កាយសម្បទា ចំនួន ៤៥គ្រួសារ។

ដំណើរនេះធ្វើឡើងនៅថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសប្បុរសជន លោក ទូច រតនា ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម អភិបាលរងស្រុកព្រៃឈរ អភិបាលរងក្រុងកំពង់ចាម លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ តំណាងមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ និងអាជ្ញាធរដែនដី ក្រុមការងារ សមាគមតន្ត្រីសំនៀងជនពិការ។

ថ្លែងនាឱកាសនោះ លោក ចាប តូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន។ លោករដ្ឋមន្រ្តី និងលោកស្រី តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដោះស្រាយរាល់ការលំបាករបស់ជនមានពិការភាព អាណិតអាសូរ គិតគូរអំពីសុខទុក្ខ សុខភាព និងជីវភាពការរស់នៅ របស់ចាស់ជរា ជនក្រីក្រ ជនមានពិការភាព ជនងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។

លោកអនុរដ្ឋលេខាធិការជនមានពិការភាពភ្នែករូបនេះ បានផ្តាំផ្ញើ សូមឱ្យក្រុមគ្រួសារលោកយាយ និងគ្រួសារជនមានពិការភាពទាំង ៤៥គ្រួសារ រស់នៅប្រកបដោយអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត នាំមកនូវសុខភាពល្អ និងចៀសផុតពីជំងឺទាំងឡាយទាំងពួង។

លោកបានកោតសសើរពីការខិតខំប្រឹងប្រែងរបស់ រដ្ឋបាលសង្កាត់ រដ្ឋបាលក្រុង ស្រុក និងមន្ទីរសង្គមកិច្ចខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលបានជួយសម្របសម្រួលធ្វើបណ្ណសម្គាល់អត្តសញ្ញាណកម្មជនមានពិការភាពទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

ក្នុងឱកាសនេះលោកស្រី ញ៉ែម មរកត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកស្រី កិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី។ លោកស្រី រដ្ឋលេខាធិការ បានថ្លែងថា ជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា មានចំនួនជាង ៨០ម៉ឺននាក់ បានទទួលការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល កន្លងមកក្រសួងកិច្ចការការនារីបានបើកវគ្គបណ្តុះបណ្តាលបញ្រ្ជាបយេនឌ័រ ក្នុងវិស័យពិការភាព និងចាត់ទុកជនមានពិការភាពនៅក្នុងក្រុមជនងាយរងគ្រោះ ប្រកបដោយបរយប័ន្ន និងត្រូវយកចិត្តទុកដាក់ការពារតាមផ្លូវច្បាប់។ រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ សប្បុរសជនមិនទកជនពិការឲ្យនៅឯកោ និងអត់ឃ្លានឡើយ។

លោកស្រីរដ្ឋលេខាធិការរូបនេះ បានជំរុញនិងគាំទ្រលើកទឹកចិត្តឱ្យជនមានពិការភាពគ្រប់ៗរូបទៅទទួលយកជំនាញ វគ្គបណ្តុះបណ្តាល ធីវេត តាមប្រកាសរបស់រាជរដ្ឋាភិបាល ១លាន ៥សែន នាក់ដោយឥតគិតថ្លៃ ដើម្បីឱ្យពួកគេមានសមត្ថភាព លទ្ធភាពក្នុងការបង្កើតមុខរបបរនិងអាជីវកម្មដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃមិនយករូបភាពពិការភាពទៅធ្វើការសុំទាន នាំឱ្យមានការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីនេះ សប្បុរសជន តាមរយៈលោកស្រី ញ៉ែម មរកត និងលោក ចាប តូ ក្រុមការងារសមាគមតន្រ្តីសំនៀងជនពិការ បានជូនគ្រួសារលោកយាយទួតអាយុ ១០០ឆ្នាំ ថវិកាចំនួន ៣.៥០០.០០០រៀល និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។

ក្នុងនោះក្រុមគ្រួសារលោកយាយចាស់ជរា មានកូនវិបល្លាសស្មារតី ថវិកាចំនួន ៤០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ និងគ្រួសារស្រ្តីមានពិការភាពដែលត្រូវបានគេរំលោភបំពានផ្លូវភេទ ថវិកាចំនួន ២០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ជនមានពិការភាពភ្នែក និងកាយសម្បទាស្រុកព្រៃឈរ ១០គ្រួសារ ក្នុង១គ្រួសារ ថវិកា ១១ម៉ឺនរៀលនិងគ្រឿងឧបភោគបរិភោគ។ គ្រួសារ ជនមានពិការភាពភ្នែក និងកាយសម្បទាក្រុងកំពង់ចាម ១០គ្រួសារ ក្នុង១គ្រួសារ ថវិកា ៩ម៉ឺនរៀលនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀត និងជនមានពិការភាពភ្នែក និងកាយសម្បទាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ២០គ្រួសារ ក្នុង១គ្រួសារ ថវិកា ៥ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ។

ថវិកា និងគ្រឿងឧបភោគបរិភោគទាំងអស់នេះទទួលបានការគាំទ្រឧបត្ថម្ភពី លោកស្រី ជា ផល្គុន ជា សុមេធី ឧត្តមភរិយាលោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សប្បុរសជន និងក្រុមហ៊ុននានា៕