(បាត់ដំបង)៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងចំនួន១០រូប បានសម្រេចចិត្តដើរចេញពីបក្សដែលខ្លួនធ្លាប់ធ្វើសកម្មភាពនយោបាយជាមួយ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
អតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀននៅឃុំព្រែកនរិន្ទ ដែលដើរចេញពីបក្សនេះ រួមមាន៖ លោក តាត ឆិ អនុប្រធាន, លោក យឿន ចិន្តា សមាជិក, លោក រ៉ាន់ ផុន សមាជិក, លោកស្រី ជោ ជិន ភ្នាក់ងារសង្កេតការណ៍, លោក បូ វិបុល ភ្នាក់ងារសង្កេតការណ៍, លោក លឹម សុយ ហ៊ង ភ្នាក់ងារសង្កេតការណ៍, លោក ភូ ទូច ភ្នាក់ងារសង្កេតការណ៍, លោក រ៉ាន់ ថុន ភ្នាក់ងារសង្កេតការណ៍, លោកស្រី រ៉ាន់ អ៊ន ភ្នាក់ងារសង្កេតការណ៍ និងលោក ចាន់ អូន សកម្មជន។
ថ្នាក់ដឹកនាំបក្សភ្លើងទៀននៅឃុំព្រែកនរិន្ទទាំង១០រូបនេះ សុទ្ធសឹងជាបុគ្គល ដែលធ្វើសកម្មភាពយ៉ាងសកម្មជួយកិច្ចការនយោបាយរបស់បក្សប្រឆាំងយូរឆ្នាំមកហើយ។ ពួកគេបានសម្រេចចិត្តដើរចេញពីបក្សនេះ ក៏ព្រោះតែបាត់បង់ជំនឿចិត្តចំពោះការដឹកនាំ និងដំណើរជីវិតរបស់បក្សប្រឆាំង ដែលបែកបាក់សាមគ្គី ប្រកាន់បក្ខពួក និងខ្វះតម្លាភាពលើការដឹកនាំជាដើម។
បន្ថែមពីលើនោះ ការប្រកាសប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ពីសំណាក់ លោក សម រង្ស៉ី ជាចំណែកធំមួយ ដែលនាំឱ្យពួកគេសម្រេចដើរចេញពីបក្សប្រឆាំងផងដែរ។ ពួកគេចាត់ទុកការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតដ៏ខុសឆ្គង ជាគំនិតក្បត់នឹងប្រយោជន៍របស់ជាតិទាំងស្រុង។
ក្រៅពីសម្រេចចិត្តដើរចេញពីបក្សប្រឆាំង ដែលធ្លាប់រួមរស់ជាមួយហើយនោះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននៅឃុំព្រែកនរិន្ទទាំង១០រូបនេះ ក៏បានសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ ពួកគេយល់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍ជាតិ ជាបង្អែករឹងមាំធានាសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាទុនមិនអាចខ្វះបានក្នុងកិច្ចកសាងជាតិ៕