(ភ្នំពេញ)៖ អតីតសមាជិកគណបក្សប្រឆាំងមួយរូបទៀតនៅក្នុងខេត្តត្បូងឃ្មុំ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសធ្វើសកម្មភាពបម្រើជាតិ និងប្រជាជន។
លោក នីម សំណាង មានអតីតភាពជាសមាជិកគណបក្សសិទ្ធិមនុស្ស និងជាសមាជិកក្រុមប្រឹក្សាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មកពីអតីតគណបក្សសង្គ្រោះជាតិ។
លោក នីម សំណាង បានបញ្ជាក់ថា លោកបានធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងជាច្រើនឆ្នាំមកហើយ។ ការចូលធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំង ព្រោះមានបំណងចូលរួមចំណែកក្នុងការបម្រើកិច្ចការជូនជាតិ និងប្រជាជន។ ប៉ុន្តែការរួមរស់ជាមួយគណបក្សប្រឆាំងជាច្រើនឆ្នាំមកនេះ លោកមិនមានឱកាសបានបម្រើជាតិ និងប្រជាជនតាមបំណងរបស់ខ្លួននោះឡើយ។
ក្រោយអស់ភាពតស៊ូរួមរស់ជាមួយគណបក្សប្រឆាំង ដែលមើលមិនឃើញកោះត្រើយបែបណានោះ លោក នីម សំណាង ក៏បានសម្រេចចិត្តចូលរួមធ្វើសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
លោក នីម សំណាង បានបង្ហាញក្តីរំពឹងថា ការចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកនឹងមានឱកាសចូលរួមចំណែកបម្រើជាតិ និងប្រជាពលរដ្ឋតាមបំណងប្រាថ្នា។
ទន្ទឹមនឹងការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ លោក នីម សំណាង បានអំពាវនាវដល់អ្នកដែលតស៊ូជាមួយបក្សប្រឆាំងដទៃទៀត ឱ្យចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ព្រោះបន្តរួមរស់ជាមួយបក្សប្រឆាំងគ្មានឱកាសចូលរួមចំណែកជួយជាតិ និងប្រជាជន តាមបំណងនោះឡើយ៕