(កំពង់ចាម)៖ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំសហការី ដោយមានការចូលរួមពីព្រះសង្ឃផងនោះបាននិមន្ត និងអញ្ជើញប្រគល់ផ្ទះបន្ទាប់ទី១៩ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនដូនចាស់ជរាគ្មានទីពឹងឈ្មោះ ប៊ន់ សេងងួន អាយុ៧២ឆ្នាំ រស់នៅភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស។

លោក ទូច ឆៃ នាយកប្រតិបត្តិ នៃសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឱ្យដឹងថា លោកយាយ ប៊ន់ សេងងួន ជាចាស់ជរាទុរគត ស្នាក់នៅក្រោមផ្ទះអ្នកជិតខាងយ៉ាងកំសត់តែ២នាក់ ចៅប្រុស១នាក់ ដែលឪពុកម្តាយគេ បានធ្វើចំណាកស្រុកក្រៅខេត្ត។

មិនត្រឹមតែគ្មានមុខរបរអ្វីចិញ្ចឹមជីវិតទេ តែដូនចាស់ម្នាក់នេះមានទាំងជំងឺប្រចាំកាយថែមទៀត។ សព្វថ្ងៃនេះដូនចាស់ រស់នៅពឹងអាស្រ័យតែលើជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្ណសមធម៌ក្រ២ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាងប៉ុណ្ណោះ។ ដូនចាស់ជរាទុគតរូបនេះ មានដីជាកម្មសិទ្ធិទំហំ ១៣ម៉ែត្រ គុណ ២២ម៉ែត្រ ក្នុងភូមិអង្គរបានទី៧នេះ ទោះជាយ៉ាងណាក្តី ដោយសារជីវភាពក្រខ្សត់ពេកគាត់ពុំមានលទ្ធភាពទាល់តែសោះក្នុងការសង់ផ្ទះស្នាក់នៅបានឡើយ។

តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំអនុសាខាស្រុករួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណស្រុក និងដោយមើលឃើញពីស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូន ផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត ១២,០០០,០០០រៀល ជាថវិកាបដិភាគ របស់សាខាសាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកងមាស និងសប្បុរសជនជាក្រុមការងារចុះជួយឃុំអង្គរបាន ជូនដូនចាស់ ប៊ន់ សេងងួន សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។

លោក ទូច ឆៃ បានបន្តថា ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខាបានផ្តល់សម្ភារៈ គ្រឿង ឧបភោគ បរិភោគ ជូនដូនចាស់ជរា សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គីឡូក្រាម, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៉ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, សាប៊ូ ១៦ដុំ, សម្ភារផ្ទះបាយ និងថវិកា ២០០,០០០រៀល។

ដោយឡែកលោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១៥នាក់ក្នុងម្នាក់ៗទទួលបានអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៉ីវ ឃីត និងអាវយឺត ព្រមទាំងថវិកាចំនួន ២០,០០០រៀលផងដែរ៕