(ស្វាយរៀង)៖ ជើងក្រោមរបស់បក្សប្រឆាំងនៅតាមមូលដ្ឋាន កំពុងមានចរន្តដើរចេញពីបក្សរបស់ខ្លួនប្រៀបដូចទឹកជំនន់នារដូវវស្សា ព្រោះតែក្តីខកចិត្ត ខកបំណង បាត់បង់ជំនឿចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស ការបែកបាក់ខ្ចាត់ខ្ចាយក្នុងចំណោមមេដឹកនាំបក្សប្រឆាំង។ ជាពិសេសការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ពីសំណាក់ទណ្ឌិត សម រង្ស៉ី។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរ និងភ្លើងទៀននៅក្នុងខេត្តកំពង់ចាម ចំនួន៦នាក់ទៀត បានសម្រេចចិត្តដើរចេញពីបក្សដែលខ្លួនបានស្ម័គ្រស្មោះយូរឆ្នាំមកហើយ។
ថ្នាក់ដឹកនាំបក្សប្រឆាំងទាំង៦រូបនោះរួមមាន៖
១៖ លោក ស៉ឹង សុខុម សមាជិកគណៈកម្មាធិការនាយក និងជាបេក្ខភាពឈរឈ្មោះតំណាងរាស្ត្រគណបក្សឆន្ទៈខ្មែរ ខេត្តកំពង់ចាម
២៖ លោក ស៊ាង បូរ៉ា បេក្ខភាពឈរឈ្មោះតំណាងរាស្ត្រគណបក្សឆន្ទៈខ្មែរខេត្តកំពង់ចាម
៣៖ លោកស្រី យឹម គឹមយាន ប្រធានចលនាស្ត្រីមកពីគណបក្សឆន្ទ:ខ្មែរខេត្តកំពង់ចាម
៤៖ លោក ឈួន សុម៉ានី ប្រធានគណៈកម្មាធិការបក្សឆន្ទៈខ្មែរ ខេត្តកំពង់ចាម
៥៖ លោកស្រី ចក់ ណារី បេក្ខភាពក្រុមប្រឹក្សាស្រុកស្ទឹងត្រង់របស់គណបក្សឆន្ទៈខ្មែរ
៦៖ លោក នួន ណើម បេក្ខភាពក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ គណបក្សឆន្ទៈខ្មែរ។
មូលហេតុនៃការសម្រេចចិត្តដើរចេញពីបក្សនេះ ត្រូវបានពួកគេអះអាងថា បណ្តាលមកពីការបាត់បង់ជំនឿចិត្តទៅលើជោគវាសនាបក្សប្រឆាំង ដែលខ្វះសាមគ្គីភាព និងការបែកបាក់នៅក្នុងចំណោមមេដឹកនាំបក្សប្រឆាំង ហើយទៅបង្កើតបក្សថ្មីៗជាច្រើន។
ថ្នាក់ដឹកនាំបក្សប្រឆាំងទាំង៦នាក់នេះ បានគូសបញ្ជាក់ថា ពួកគេបានប្រឹងប្រែងតស៊ូជួយបក្សអស់ជាច្រើនឆ្នាំមកហើយ ដោយរំពឹងថា បក្សនឹងមានការចម្រើន។ តែមិនដូចក្តីរំពឹងរបស់ពួកគេ បក្សប្រឆាំងបានចុះខ្សោយពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយថ្នាក់ដឹកនាំបក្សបែកបាក់គ្នារត់ចេញទៅបង្កើតបក្សថ្មីរៀងៗខ្លួន។ ជាពិសេសពួកគេមានការខឹងសម្បាយ៉ាងខ្លាំងនឹងទណ្ឌិត សម រង្ស៉ី ប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏មានប្រយោជន៍សម្រាប់ជាតិ។
ទន្ទឹមការដើរចេញពីបក្សដែលខ្លួនធ្លាប់រួមរស់ជាច្រើនឆ្នាំមកហើយនោះ ពួកគេ ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសផងដែរ។
ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ថ្នាក់ដឹកនាំបក្សប្រឆាំងទាំង៦នាក់នេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញ របស់បុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕
លោក សុឹង សុខុម សមាជិកគណៈកម្មាធិការនាយក និងជាបេក្ខភាព ឈរឈ្មោះតំណាងរាស្ត្រលេខ 3 គណបក្សឆន្ទៈខ្មែរ ខេត្តកំពង់ចាម
លោក ស៊ាង បូរ៉ា បេក្ខភាព ឈរឈ្មោះតំណាងរាស្ត្រ គណបក្សឆន្ទៈខ្មែរ លេខ 6 ខេត្តកំពង់ចាម
លោកស្រី យឹម គឹមយាន ប្រធានចលនាស្ត្រី មកពីគណបក្ស ឆន្ទ:ខ្មែរខេត្តកំពង់ចាម
លោក ឈួន សុម៉ានី ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាមមកពីគណបក្សឆន្ទៈខ្មែរ
លោកស្រី ចក់ ណារី ឆ្នាំ 2017 ជាប់ជាសមាជិកក្រុមប្រឹក្សា ឃុំខ្ពបតាងួន អតីតសង្គ្រោះជាតិ ឆ្នាំ 2022 ឈរឈ្មោះលេខរៀងទី 3 នៃគណបក្សភ្លើងទៀន ឆ្នាំ 2024 បេក្ខភាពឈរឈ្មោះលេខរៀងទី 5 នៃគណបក្សឆន្ទៈខ្មែរ ស្រុកស្ទឹងត្រង់
លោក នួន ណើម ឆ្នាំ 2017 សមាជិកអចិន្ត្រៃយ៍ បក្សសង្គ្រោះជាតិ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្នាំ 2022 បេក្ខជនលេខរៀងទី 3 បក្សភ្លើងទៀន ឆ្នាំ2024 បេក្ខភាពឈរឈ្មោះលេខរៀងទី 5 នៃគណបក្ស ឆន្ទៈខ្មែរស្រុកស្ទឹងត្រង់