(កណ្តាល)៖ ជើងក្រោមរបស់បក្សប្រឆាំងនៅតាមមូលដ្ឋាន កំពុងមានចរន្តដើរចេញពីបក្សរបស់ខ្លួនប្រៀបដូចទឹកជំនន់នារដូវវស្សា ព្រោះតែក្តីខកចិត្ត ខកបំណង បាត់បង់ជំនឿចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស និងការបែកបាក់ខ្ចាត់ខ្ចាយក្នុងចំណោមមេដឹកនាំបក្សប្រឆាំង។
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិក្នុងស្រុកស្អាង ខេត្តកណ្តាលចំនួន៦នាក់ទៀត បានសម្រេចចិត្តដើរចេញពីបក្សដែលខ្លួនបានស្ម័គ្រស្មោះយូរឆ្នាំមកហើយ។ ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ក្នុងស្រុកស្អាង ដែលសម្រេចចិត្តដើរចេញពីបក្សនេះ រួមមាន៖
១៖ លោក ជាប គីមសុង អនុប្រធានគណបក្សស្រុកស្អាង
២៖ លោក ថុល រដ្ឋា អនុប្រធានគណបក្ស
៣៖ លោក ជៀក ជាវ ហេរញ្ញិក
៤៖ លោក វុន វ៉ន បេក្ខជនក្រុមប្រឹក្សាឃុំប្រាសាទ
៥៖ លោកស្រី ហយ ទូច បេក្ខជនក្រុមប្រឹក្សាឃុំប្រាសាទ
៦៖ លោក វ៉ន ពៅ បេក្ខជនក្រុមប្រឹក្សាឃុំប្រាសាទ
ថ្នាក់ដឹកនាំបក្សខ្មែរស្រឡាញ់ជាតិទាំង៦រូបនេះ ធ្លាប់បានធ្វើសកម្មភាពជាមួយគណបក្សប្រឆាំងជាច្រើនឆ្នាំមកហើយ។ ការបែបកបក្សរបស់ប្រឆាំងធ្វើឱ្យពួកគាត់ផ្លាស់ប្តូរទ្រនំបក្សជាបន្តបន្ទាប់។
មូលហេតុនៃការសម្រេចចិត្តដើរចេញពីបក្សនេះ ត្រូវបានពួកគេអះអាងថា បណ្តាលមកពីការបាត់បង់ជំនឿចិត្តទៅលើជោគវាសនាបក្សប្រឆាំង ដែលខ្វះសាមគ្គីភាព និងការបែកបាក់នៅក្នុងចំណោមមេដឹកនាំបក្សប្រឆាំង ហើយទៅបង្កើតបក្សថ្មីៗជាច្រើន។
ទន្ទឹមការដើរចេញពីបក្សដែលខ្លួនធ្លាប់រួមរស់ជាច្រើនឆ្នាំមកហើយនោះ ថ្នាក់ដឹកនាំបក្សខ្មែរស្រឡាញ់ជាតិក្នុងស្រុកស្អាង ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសផងដែរ។
ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ក្រុមអ្នកធ្លាប់ស្ម័គ្រស្មោះនឹងបក្សប្រឆាំងទាំងនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំងទៀតនោះឡើយ៕