(ក្រចេះ)៖ ជើងក្រោមរបស់បក្សប្រឆាំងនៅតាមមូលដ្ឋាន កំពុងមានចរន្តដើរចេញពីបក្សរបស់ខ្លួនប្រៀបដូចទឹកជំនន់នារដូវវស្សា ព្រោះតែក្តីខកចិត្ត ខកបំណង បាត់បង់ជំនឿចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស ការបែកបាក់ខ្ចាត់ខ្ចាយក្នុងចំណោមមេដឹកនាំបក្សប្រឆាំង។
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក សែន សារឿន ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិខេត្តក្រចេះ និងលោក ក្រុយ អេក បេក្ខភាពក្រុមប្រឹក្សាស្រុកឆ្លូង របស់គណបក្សភ្លើងទៀន បានសម្រេចចិត្តដើរចេញពីបក្សដែលខ្លួនបានស្ម័គ្រស្មោះយូរឆ្នាំមកហើយ។ មូលហេតុនៃការសម្រេចចិត្តដើរចេញពីបក្សនេះ ត្រូវបានពួកគេអះអាងថា បណ្តាលមកពីការបាត់បង់ជំនឿចិត្តទៅលើជោគវាសនាបក្សប្រឆាំង ដែលខ្វះសាមគ្គីភាព និងការបែកបាក់នៅក្នុងចំណោមមេដឹកនាំបក្សប្រឆាំង ហើយទៅបង្កើតបក្សថ្មីៗជាច្រើន។
លោក សែន សារឿន និងលោក ក្រុយ អេក បានគូសបញ្ជាក់ថា ពួកគេបានប្រឹងប្រែងតស៊ូជួយបក្សអស់ជាច្រើនឆ្នាំមកហើយ ដោយរំពឹងថា បក្សនឹងមានការចម្រើន។ តែមិនដូចក្តីរំពឹងរបស់ពួកគេ បក្សប្រឆាំងបានចុះខ្សោយពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយថ្នាក់ដឹកនាំបក្សបែកបាក់គ្នារត់ចេញទៅបង្កើតបក្សថ្មីរៀងៗខ្លួន។
ទន្ទឹមការដើរចេញពីបក្សដែលខ្លួនធ្លាប់រួមរស់ជាច្រើនឆ្នាំមកហើយនោះ លោក សែន សារឿន និងលោក ក្រុយ អេក ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសផងដែរ។
លោក សារឿន និងលោក អេក បានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ក្រុមអ្នកធ្លាប់ស្ម័គ្រស្មោះនឹងបក្សប្រឆាំងទាំងពីររូបនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំងទៀតនោះឡើយ៕