(កំពង់ធំ)៖ លោក ឡេង ច្រិច វ័យ៨០ឆ្នាំ រស់នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ គឺជាបុគ្គលមួយដែលមានជំហរដ៏រឹងមាំបំផុតជាមួយគណបក្សប្រឆាំងតាំងពីបក្ស សម រង្ស៉ី បក្សសង្គ្រោះជាតិ រហូតដល់បក្សភ្លើងទៀន។ លោក ឡេង ច្រិច ក៏ត្រូវបានគណបក្សភ្លើងទៀតផ្តល់ទំនុកចិត្តឱ្យឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំថែមទៀតផង។
គេមនុស្សចាស់ចិត្តមិនប្រែនោះឡើយ បើស្រឡាញ់អ្វីមួយ គឺស្រឡាញ់អស់ពីចិត្ត តែបើស្អប់វិញ គឺស្អប់ដល់ឆ្អឹងសូម្បីឈ្មោះក៏មិនចង់ឮដែរ។ ពេលនេះអ្នកគាំទ្របក្សប្រឆាំងដែលមានវ័យចំណាស់រូបនេះ បានសម្រេចចិត្តដើរចេញពីគណបក្សប្រឆាំងហើយ។ ការផ្លាស់ប្តូរចិត្តអស់ស្នេហ៍ លែងស្មោះជាមួយបក្សប្រឆាំង ក៏ព្រោះតែលោកតាអស់សង្ឃឹមចំពោះការដឹកនាំរបស់គណបក្សប្រឆាំង ដែលកំពុងតែបែកបាក់សាមគ្គី ដឹកនាំបែបបក្ខពួកនិយម ខ្វះភាពស្មោះត្រង់នឹងគ្នាជាដើម។
សម្រាប់លោកតា ឡេង ច្រិច ការបែកបាក់ក្នុងជួរថ្នាក់ដឹកនាំបក្សប្រឆាំង នឹងធ្វើឱ្យបក្សប្រឆាំងកាន់តែចុះខ្សោយទៅប្រៀបដូចសុរិយាអស់រស្មី។ រឿងដែលនាំឱ្យលោកតា ឡេង ច្រិច កាន់តែខឹងសម្បាខ្លាំងជាមួយបក្សប្រឆាំង ហើយសម្រេចចិត្តដើរចេញលែងក្បែរនេះ គឺទង្វើក្បត់ប្រយោជន៍ជាតិរបស់ទណ្ឌិត សម រង្ស៉ី ធ្វើសកម្មភាពរារាំងគម្រោងព្រែកជីកហ្វូណនតេជោ បម្រើមហិច្ឆតារបស់ជនបរទេស។
បន្ទាប់ពីប្រកាសលែងមានសម្ព័ន្ធមេត្រីភាពជាមួយបក្សប្រឆាំងហើយនោះ លោកតា ឡេង ច្រិច ក៏បានសម្រេចចិត្តដោះផ្លាកគណបក្សភ្លើងទៀន ដែលចងនឹងរបងផ្ទះ មើលថែមិនឱ្យហើរពណ៌ថ្នាំរាប់ឆ្នាំនោះផងដែរ។
ទន្ទឹមការដើរចេញពីបក្សដែលខ្លួនស្រឡាញ់ស្ទើរលេបជាច្រើនឆ្នាំមកហើយនោះ លោកតា ឡេង ច្រិច ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសផងដែរ។
ពេលនេះលោកតា បានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
លោកតាវ័យ៨០ឆ្នាំរូបនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញ របស់បុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕