(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ រៀបចំឡើង​នៅ​សាល​សន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត។

និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០នាក់ នារី ៣៣នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៦១នាក់ នារី ២៣៥នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៩នាក់ នារី ៥នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា​២០២១-២០២២ និងឆ្នាំសិក្សា២០២២-២០២៣។

សាកលវិទ្យាល័យលីមកុកវីង គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីល្បាញមួយនៅកម្ពុជា បណ្តុះបណ្តាលលើជំនាញស្ថាបត្យកម្ម និងរចនាផ្ទៃក្នុង ជំនាញច្នៃម៉ូដសម្លៀកបំពាក់ និងរចនា​ក្រា​ហ្វិក ជំនាញវិស្វកម្មសូហ្វវែរ និងជំនាញគ្រប់គ្រងពាណិជ្ជកម្មជាដើម។ ចាប់ពី​ឆ្នាំ​សិក្សា​២០០៧-២០០៨ ដល់ឆ្នាំសិក្សា២០២២-២០២៣ និស្សិត បញ្ចប់ការសិក្សាពីសាកល​វិទ្យាល័យលីមកុកវីងនៅកម្ពុជា មានចំនួនសរុបចំនួន ១,៥២៥នាក់ នារី ៧១១នាក់។

ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ និស្សិតកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យលីមកុកវីង មានចំនួនសរុប ១,៦២៨នាក់ នារី ៧៨៦នាក់។

សូមបញ្ជាក់ថាណ សាកលវិទ្យាល័យលីមកុកវីង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩១ មានមូល​ដ្ឋាននៅប្រទេសម៉ាឡេស៊ី និងមានសាខានៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ សាកលវិទ្យាល័យ បាន​បណ្តុះ​បណ្តាលនិស្សិតបញ្ញវន្តឆ្នើមរាប់ម៉ឺននាក់មកពីប្រទេសផ្សេងៗគ្នាជាង១៥០ជាតិសាសន៍។

សាកលវិទ្យាល័យ​ លីមកុកវីង មានមហាវិទ្យាល័យចំនួន៥​ រួមមាន៖ ១) មហាវិទ្យាល័យ​ស្ថា​បត្យ​កម្ម និងការរចនា, ២)​ មហាវិទ្យាល័យសិល្បៈ អក្សរសាស្រ្ត និងមនុស្សសាស្រ្ត, ៣) មហាវិទ្យាល័យគនិតសាស្រ្ត និងមនុស្សសាស្រ្ត, ៤) មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងទំនាក់ទំនងអន្តរជាតិ និង៥) មហាវិទ្យល័យគ្រប់គ្រងពាណិជ្ជកម្ម៕