(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយអតីតនិស្សិតវៀតណាម ដែលបានបញ្ចប់ការសិក្សាក្នុងប្រទេសកម្ពុជា និងបានមកបំពេញភារកិច្ច ក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនាថ្ងៃនោះដែរ អតីតនិស្សិតនៃប្រទេសទាំងពីរ មានជំនឿចិត្តយ៉ាងមុតមាំថា នាថ្ងៃខាងមុខ នឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ ទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព រវាងគ្នានឹងគ្នា ក៏ដូចជាជួយភ្ជាប់ទំនាក់ទំនង ដើម្បីស្វែងរកការងារធ្វើជូនអតីតនិស្សិតនៃប្រទេសទាំងពីរដែលទើបបញ្ចប់ការសិក្សាឱ្យមានការងារធ្វើតាមជំនាញគ្រប់ៗគ្នា ជាពិសេសអតីតនិស្សិត កម្ពុជាមកពីប្រទេសវៀតណាម។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ ប្រទេសទាំងពីរ តែងតែផ្តល់អាហារូបករណ៍បណ្តុះបណ្តាល រយៈពេលវែង និងរយៈពេលខ្លី ដល់និស្សិតនៃប្រទេសទាំងពីរជាប្រចាំ។ កម្ពុជាផ្តល់អាហារូបករណ៍ដល់ប្រទេសវៀតណាមចំនួន៣៥នាក់ក្នុងមួយឆ្នាំ ដែលក្នុងនោះ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាចំនួន១៥នាក់ និងអាហារូបករណ៍បណ្តុះបណ្តាលភាសា និងវប្បធម៌ខ្មែរ រយៈពេល២ឆ្នាំចំនួន២០នាក់ ក្នុងមួយឆ្នាំ។

ប្រទេសវៀតណាមផ្តល់អាហារូបករណ៍ ដល់កម្ពុជា រាប់រយនាក់ក្នុងមួយឆ្នាំ ដែលក្នុងនោះតាមរយៈក្រសួងអប់រំ នៃប្រទេសទាំងពីរ គឺថ្នាក់ឧត្តមសិក្សា ចំនួន១០០នាក់ ក្រោយឧត្តមសិក្សាចំនួន២០នាក់ និងនៅមានតាមរយៈកិច្ចសហប្រតិបត្តិការ ផ្សេងៗជាច្រើនទៀត។ លើសពីនេះទៀត ភាគីទាំងពីរបានពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការរៀបចំសកម្មភាពអភិវឌ្ឍន៍ធនធានមនុស្សជាច្រើនទៀត។ ទាំងនេះពិតជាប្រភពបន្ថែមនៃធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ សំដៅបម្រើឱ្យ បុព្វហេតុ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិរៀងៗខ្លួន។

សូមរំលឹកថា សមាគមសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានចុះបញ្ជី ផ្លូវការនៅក្រសួងមហាផ្ទៃ តាមប្រកាសលេខ ៤៤០ប្រក ចុះនៅថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២៤។ គិតរហូតមកទល់ពេលនេះ សមាគមបង្កើតចេញជារូបរាងបានរយៈពេលជាងបួនខែ និងមាន សមាជិកចូលរួមក្នុងក្រុមប្រមាណជាង៧០០នាក់។

សមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេស វៀតណាម បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព ឱ្យកាន់តែមានភាពស្និតស្នាល កាន់តែមានភាពរឹងមាំបន្ថែមទៀត ក៏ដូចជាជួយជ្រោមជ្រែងគ្នា ទៅវិញទៅមក រវាងអតីតនិស្សិតកម្ពុជាដែលធ្លាប់ បានទៅសិក្សានៅសាធារណរដ្ឋសង្គមនិយម វៀតណាម៕