(កំពត)៖ អ្នកស្មោះស្ម័គ្រដ៏ងុបងល់នឹងទណ្ឌិត សម រង្ស៉ី មួយរូបទៀតនៅក្នុងខេត្តកំពត បានប្រកាសផ្តាច់សម្ព័ន្ធភាពពីទណ្ឌិតរត់ចោលស្រុក ហើយសុំរួមរស់ជាមួយសម្តេចតេជោ ហ៊ុន សែន ក្រោមម្លប់គណបក្សប្រជាជនកម្ពុជា។
លោក ត្រឹង សុផុន បានចូលរួមប្រឡូកនយោបាយជាមួយលោក សម រង្ស៉ី នៅលើទឹកដីខេត្តកំពត តាំងពីឆ្នាំ១៩៩៥ ដោយចាប់ផ្តើមពីគណបក្សជាតិខ្មែរ បន្តមកគណបក្សសមរង្ស៉ី គណបក្សសង្គ្រោះជាតិ និងចុងក្រោយគណបក្សភ្លើងទៀន។
លោក ត្រឹង សុផុន ជាបុគ្គលដែលស្មោះស្ម័គ្រយ៉ាងប្តូរផ្តាច់ជាមួយលោក សម រង្ស៉ី ហើយបានប្រឹងប្រែងអស់កម្លាំងកាយចិត្តបម្រើសកម្មភាពនយោបាយរបស់គណបក្សប្រឆាំង។
លោក ត្រឹង សុផុន បានអះអាងថា ភាពស្មោះស្ម័គ្ររបស់លោកជាច្រើនឆ្នាំមកនេះ ក៏ព្រោះតែលង់ជឿតាមការអូសទាញរបស់លោក សម រង្ស៉ី និងបក្ខពួករបស់ពួកគេ ធ្វើឱ្យរូបលោកក្លាយជាអ្នកប្រឆាំងដ៏ងុបងល់លែងដឹងអាក្រក់ល្អសខ្មៅ។
ក្រោយគាំទ្របក្សប្រឆាំងអស់រយៈពេលជិត៣០ឆ្នាំ ពេលនេះលោក ត្រឹង សុផុន ប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៉ី និងក្រុមប្រឆាំង ដោយសន្តយាមិនជឿតាមមនោគមន៍វិជ្ជានយោបាយដ៏ខ្មៅងងឹតរបស់ពួកគេទៀតនោះឡើយ។
ជាមួយការប្រកាសផ្តាច់ខ្លួនពីក្រុមប្រឆាំងហើយនោះ អតីតថ្នាក់ដឹកនាំបក្សប្រឆាំងក្នុងខេត្តកំពតរូបនេះ ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។
លោក ត្រឹង សុផុន បានថ្លែងថា ពេលនេះលោកបានយល់ច្បាស់ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានសាងគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងប្រជាជន ដោយបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ បិទបញ្ចប់ភ្លើងសង្គ្រាម បង្រួមបង្រួមជាតិ រកសុខសន្តិភាព និងកសាងប្រទេសជាតិឱ្យរីកចម្រើនមកទល់ពេលបច្ចុប្បន្ន។
លោក ត្រឹង សុផុន សុំក្តីសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន កុំប្រកាន់ទោសដែលខុសច្រើនឆ្នាំមកនេះ និងអនុញ្ញាតឱ្យលោកបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ៕