(ភ្នំពេញ)៖ ចរន្តផ្តាច់ខ្លួនពីជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង។ មនុស្សធ្លាប់ស្ម័គ្រស្មោះប្តូរផ្តាច់ជាមួយមេនយោបាយប្រឆាំងរូបនេះ កំពុងប្រកាសដើរចេញចេញ ផ្តាច់សម្ព័ន្ធមេត្រីភាពជាមួយទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ជាបន្តបន្ទាប់ ព្រោះខឹងនឹងទង្វើក្បត់ជាតិរបស់បុគ្គលរូបនេះ។
លោក ង៉ែត ស៉ីណា ជាអ្នកបើករថយន្តឱ្យ សម រង្ស៉ី។ លោក ស៊ីណា បានបើករថយន្តឱ្យទណ្ឌិត សម រង្ស៉ី អស់ជាច្រើនឆ្នាំ ពេលទណ្ឌិតរូបនេះ ធ្វើនយោបាយនៅក្នុងប្រទេស។ ពេលនេះ លោក ង៉ែត ស៊ីណា ប្រកាសបញ្ចប់និស្ស័យជាមួយទណ្ឌិត សម រង្ស៉ី ហើយ។
ការប្រកាសបញ្ចប់និស្ស័យស្ម័គ្រស្មោះច្រើនឆ្នាំមកនេះ ក៏ដោយសារតែលោកខឹងនឹងទណ្ឌិត សម រង្ស៉ី ប្រកាសប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្រៅពីខឹងនឹងនយោបាយប្រឆាំងប្រឆាំងផលប្រយោជន៍ជាតិហើយនោះ លោក ស៉ីណា ក៏អស់ក្តីសង្ឃឹមជាមួយទណ្ឌិត សម រង្ស៉ី ដែលជាមេដឹកនាំនយោបាយមួយរូប តែខ្វះការទទួលខុសត្រូវ ខ្វះចិត្តតស៊ូ ជាពិសេសខ្លាចគុក។
ជាមួយការប្រកាសផ្តាច់ខ្លួនពីក្រុមប្រឆាំងហើយនោះ អតីតអ្នកបើករថយន្តឱ្យទណ្ឌិត សម រង្ស៉ី ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។
លោក ស៊ីណា បានថ្លែងថា ពេលនេះលោកបានយល់ច្បាស់ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានសាងគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងប្រជាជន ដោយបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ បិទបញ្ចប់ភ្លើងសង្គ្រាម បង្រួមបង្រួមជាតិ រកសុខសន្តិភាព និងកសាងប្រទេសជាតិឱ្យរីកចម្រើនមកទល់ពេលបច្ចុប្បន្ន។
លោក ស៊ីណា សុំក្តីសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន កុំប្រកាន់ទោសដែលខុសច្រើនឆ្នាំមកនេះ និងអនុញ្ញាតឱ្យលោកបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ៕