(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់លែង បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកអាណត្តិទី៤ ក្រោមអធិបតីភាពលោក ស៉ឺវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សាន់ យូ តំណាងលោក ស៊ុន សុវ ណ្ណារិទ្ធិ អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីជាថ្នាក់ ដឹកនាំខេត្ត និងថ្នាក់ដឹកនាំស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានអនុប្រធានការិយាល័យជុំវិញស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំទាំង៩ក្នុងស្រុកកំពង់លែង អញ្ជើញចូលរួមផងដែរ។

លោក គង់ សុវណ្ណអស្ចារ្យ នាយករងរដ្ឋបាលសាលា ខេត្តកំពង់ឆ្នាំង បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបា លកម្ពុជាលេខ៤៤១.តត ស្តីពីការទទួលស្គាល់សមា សភាពក្រុមប្រឹក្សាស្រុកកំពង់លែងក្នុងអាណត្តិទី៤ ចាប់ពីពេលប្រកាសនេះតទៅ។

ក្នុងឱកាសនោះលោក សាន់ យូ អភិបាលរងខេត្តបានអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុម ប្រឹក្សាឃុំ បានបោះឆ្នោតផ្តល់ សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំនិងបន្តការអភិវឌ្ឍន៍ក្នុងស្រុកឲ្យកាន់តែរីក ចម្រើនលើគ្រប់វិស័យថែមទៀត។

ហេតុនេះ សមាជិកក្រុមប្រឹក្សាស្រុកដែលត្រូវបានផ្ដល់នៅទំនុកចិត្តពីអង្គបោះឆ្នោតកន្លងទៅនេះ ត្រូវតែខិតខំដោយយកអស់ពីកម្លាំងកាយចិត្តបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ប្រកបដោយដោ យប្រសិទ្ធភាពខ្ពស់ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ជាពិសេស គឺត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារការគោរពច្បាប់ អនុវត្តឱ្យបាននូវគោលការណ៍ចាំបាច់នានារបស់រាជរដ្ឋាភិបាល និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីសាធារណៈក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋគឺធ្វើយ៉ាងណា ដើម្បីសម្រេចគោលដៅជាមូលដ្ឋាន និងរិះរកគ្រប់មធ្យោបាយដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង៕