(បាត់ដំបង)៖ ថ្លែងនាឱកាសអញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកឯកភ្នំ អាណត្តិទី៤ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំក្រុមប្រឹក្សស្រុកឯកភ្នំ ដែលចូលកាន់តំណែងថ្មី ត្រូវបម្រើពលរដ្ឋឲ្យបានល្អ ឆ្លើយតបឲ្យបានទាន់ពេលវេលាតាមសំណូមពររបស់ពលរដ្ឋ។

ពិធីនេះបានធ្វើឡើងនៅសាលាស្រុកឯកភ្នំ ដោយមានចូលរួមសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត គណ:អភិបាលស្រុកឯកភ្នំ កងកម្លាំងបី សមាសភាពក្រុមប្រឹក្សាស្រុកអាណត្តិថ្មី មន្រ្តីរាជការចំណុះស្រុកឯកភ្នំ ក្រុមប្រឹក្សាឃុំនៃស្រុកឯកភ្នំទាំងអស់ចូលរួមផងដែរ។

លោក សុខ លូ បានលើកឡើងដែរថា ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកឯកភ្នំ អាណត្តិទី៤ គឺយោងតាមអនុលោមតាមមាត្រា៦២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។ លោកបានអបអរសាទរ និងកោតសរសើរដល់សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកឯកភ្នំ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកឯកភ្នំ អាណត្តិទី៤ ដើម្បីបន្តដឹកនាំស្រុកឯកភ្នំ សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថិរភាពនិងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លោកបានបន្តថា បើទោះបីជាសមាជិក សមាជិកាក្រុមប្រឹក្សាដែលជាប់ឆ្នោតមានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្ដែតាមគោលការណ៍ច្បាប់រៀបចំអង្គការ បានកំណត់ហើយថា ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល។

លើសពីនេះទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្ដី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕