(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ភាពខ្លាំងក្លារឹងមាំរបស់កងទ័ព ទាមទារឱ្យមានការធ្វើទំនើបកម្ម ទាំងផ្នែកទន់ និងរឹង ដូចជាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានកងទ័ព អាវុធយុទ្ធភណ្ឌ សមត្ថភាពយោធិន មានឆន្ទៈមោះមុត ស្នេហាជាតិ មាតុភូមិ សាមគ្គីភាព និងយល់ដឹងទូលំទូលាយជាលក្ខណៈសកល។

ការលើកឡើងបែបនេះរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានសកម្មជំនាន់ទី២៤ និងបើកវគ្គគរុកោសល្យយោធាចារ្យ វិទ្យាស្ថានបញ្ជាការសេនាធិការ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នាសាលានាយទាហានសកម្ម (ត្មាតពង)។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកការងារបណ្តុះបណ្តាលហ្វឹកហ្វឺន គឺជាមធ្យោបាយមួយដ៏សំខាន់ ក្នុងចំណោមមធ្យោបាយជាច្រើនទៀត ដែលធ្វើឱ្យយោធិនគ្រប់រូប គ្រប់ថ្នាក់ និងគ្រប់ជំនាញមានសមត្ថភាពបំពេញការងារ តាមតួនាទីភារកិច្ចរៀងៗខ្លួន ឈានទៅសម្រេចភារកិច្ចជាយុទ្ធសាស្ត្រក្នុងការកសាងធនធាន មនុស្ស នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ក្រសួងការពារជាតិ បានជំរុញគ្រប់អង្គភាពសាលា ពិសេសសាលានាយទាហាន ត្រូវពង្រឹងលើកកម្ពស់សមត្ថភាពលើការងារដឹកនាំបញ្ជា ការគ្រប់គ្រង ការរៀបចំឯកសារ កម្មវិធីហ្វឹកហ្វឺន និងបណ្តុះបណ្តាល បំប៉ននាយទាហាន សាស្ត្រាចារ្យ យោធាចារ្យ និស្សិត សិក្ខាកាម សំដៅអភិវឌ្ឍន៍ធនធានមនុស្សឱ្យមានគុណភាពសមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងសម្រាប់ខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ពិសេសគឺ «បច្ចេក វិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវិត្តកម្មឌីជីថលជាគន្លឹះ ដែលជាមធ្យោបាយ ដ៏សំខាន់នៃការសម្រេចចក្ខុវិស័យឆ្នាំ២០៥០។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការរីកចម្រើន និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃប្រទេសជាតិមួយដោយជោគជ័យ គឺត្រូវមានសមាស ធាតុផ្សំជាច្រើនដូចជា៖ កត្តាធនធានមនុស្ស ជាសមាសធាតុដ៏ពិសេសមួយក្នុងចំណោមសមាសធាតុផ្សំដទៃទៀត។ ដូចនេះ ភាពខ្លាំងក្លារឹងមាំរបស់កងទ័ពទាមទារឱ្យមានការធ្វើទំនើបកម្ម ទាំងផ្នែកទន់និងរឹង ដូចជាហេដ្ឋារចនា សម្ព័ន្ធមូលដ្ឋានកងទ័ព អាវុធយុទ្ធភណ្ឌ សមត្ថភាពយោធិន មានឆន្ទៈមោះមុតស្នេហាជាតិ មាតុភូមិ សាមគ្គីភាព និងយល់ដឹងទូលំទូលាយជាលក្ខណៈសកល»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា ក្នុងន័យនេះ កត្តាជាមូលដ្ឋាននោះ គឺការដឹកនាំបញ្ជា ការគ្រប់គ្រង ត្រួតពិនិត្យ ការទទួលព័ត៌មាន និងការបណ្តុះបណ្តាលហ្វឹកហ្វឺនសមត្ថភាពក្នុងកងយោធពលខេមរភូមិន្ទ ជាការងារអាទិភាព ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រទេសជាតិកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ការណ៍នេះទាមទារឱ្យថ្នាក់ដឹកនាំ នាយទាហានគ្រប់រូបក្នុងកងយោធពលខេមរភូមិន្ទ បន្តពង្រឹងសមត្ថភាព ចំណេះដឹង ក្នុងការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗក្នុងវិស័យការពារជាតិ ក៏ដូចជាទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ និងការផ្លាស់ប្តូររាល់ព័ត៌មានផ្សេងៗ។

បើតាមឧត្តមសេនីយ៍ឯក ប៊ុត ភាព នាយកសាលានាយទាហានសកម្ម (ត្មាតពង) បានថ្លែងថា សាលានាយទាហានសកម្ម មានភារកិច្ចណ្តុះបណ្តាលនាយទាហាន ថ្នាក់បរិញ្ញាត្រ នាយទាហានសកម្ម តាមកម្មវិធីសិក្សារបស់ក្រសួងការពារជាតិ និងក្រសួងអប់រំ យុវជន និងកីឡា។ ក្រៅពីនេះក៏មានភារកិច្ចបណ្តុះបណ្តាល និងបំប៉នសម្រាប់វគ្គខ្លីៗផ្សេងៗទៀត ទៅតាមផែនការរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។

ឧត្តមសេនីយ៍ឯក ប៊ុត ភាព បានឱ្យដឹងថា កន្លងមកសាលាបានបណ្តុះបណ្តាលវគ្គនាយទាហាសកម្មបានចំនួន ២៣វគ្គ ដែលមាននិស្សិតនាយទាហានសកម្ម ចំនួន ២,១៧៣នាក់ (នារី ១៩៩នាក់)។ ក្រៅពីនោះ សាលាក៏ទទួលធ្វើការបណ្តុះបណ្តាល និងបំប៉នជូនដល់មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ចំនួន១១វគ្គ ដែលមានសិក្ខាកាមចំនួន ៦៨៥វគ្គ និងវគ្គបំប៉នគរុកោសិស្សផ្ទៃក្នុង របស់សាលានាយទាហានសកម្ម ចំនួន ០៦វគ្គ ដែលមានគរុសិស្សចំនួន ១៧៥នាក់ និងវគ្គបំប៉នបុគ្គលិកផ្ទៃក្នុងផ្សេងៗទៀតផងដែរ៕