(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងស្វាយរៀង អាណត្តិទី៤ ដែលមានចំនួន១៥រូប ស្ថិតនៅសាលប្រជុំសាលាក្រុងស្វាយរៀង។

ពិធីនេះមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត តំណាងកងកម្លាំងទាំង៣ លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាល អភិបាលរងក្រុង ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍រដ្ឋបាលទាំង៧សង្កាត់ និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូបទៀត។

លោកប្រធានក្រុមប្រឹក្សាខេត្ត បានអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងស្វាយរៀង អាណត្តិទី៤ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាក្រុងស្វាយរៀង អាណត្តិទី៤ ដើម្បីបន្តដឹកនាំក្រុងស្វាយរៀង សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឲ្យមានការរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។ 

លោក ម៉ែន វិបុល បានបន្ថែមថា «ទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»

លោកបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងមកក៏ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោត ក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានាដែលបានចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។

ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានចំនួនសរុប ៤២០០រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៥៥៩រូប និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន ៣៦៤១រូប។ 

សូមបញ្ជាក់ថា សម្រាប់រដ្ឋបាលក្រុងស្វាយរៀង មានចំនួនក្រុមប្រឹក្សាចំនួន១៥នាក់ ដែលមានលោក យូ ប៊ុននី ជាប្រធានក្រុមប្រឹក្សាក្រុង ហើយត្រូវប្រកាសឱ្យចូលកាន់តំណែងនាថ្ងៃនេះ៕