(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមការដ្ឋាន​សាង​សង់ប្រព័ន្ធធារាសាស្ត្រសម្រាប់ពង្វាងទឹកស្ទឹងព្រែកត្នោត កុំឱ្យជន់លិចរាជ​ធានី​ភ្នំពេញ និងភូមិសាស្ត្រជាប់ស្ទឹងព្រែកត្នោត។

ការដ្ឋានដែលសម្តេចធិបតី បានចុះពិនិត្យព្រឹកមិញនេះ រួមមានការដ្ឋានស្ទឹងតូច ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ការដ្ឋានជើងឯក ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងការដ្ឋានព្រែកហូរ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីពង្វាទឹកស្ទឹងព្រែកត្នោត បញ្ចៀសការជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោតនេះ រាជរដ្ឋាភិបាលបាន​បញ្ចេញកញ្ចប់ថវិកាជាតិ៤០០លានដុល្លារអាមេរិក សាងសង់ប្រព័ន្ធធារាសាស្ត្រសរុប១០ខ្សែ មានប្រវែងសរុប ២៦០គីឡូម៉ែត្រ។

សម្តេចធិបតី បានឱ្យដឹងថា តាមរយៈប្រព័ន្ធធារាសាស្ត្រទាំងនេះ ជួយស្រោចស្រង់តំបន់​ដែល​ធ្លាប់តែលិចលង់ប្រមាណ៣០ម៉ឺនហិកតា។ ប្រព័ន្ធធារាសាស្ត្រនេះ មិនត្រឹមជួយស្រោចស្រង់តំបន់ធ្លាប់លិចលង់ប៉ុណ្ណោះទេ ក៏បានបម្រើជាប្រយោជន៍ទាញយកប្រភពទឹកសម្រាប់វិស័យកសិកម្ម ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានជាផ្លូវគមនាគមន៍ និងសម្រាប់ទេសចរណ៍ថែមទៀតផង៕