(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) នឹងបើកដំណើរការកម្មវិធីសិក្សា ១+៣ ថ្មីមួយទៀត សម្រាប់ឆ្នាំសិក្សា ២០២៤/២០២៥ ខាងមុខ លើមុខជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ (IBM) ដើម្បីផ្ដល់ឱកាសដល់និស្សិតកម្ពុជា ដែលមានបំណងចង់សិក្សា និងទទួលបានសញ្ញាបត្រពីបរទេសលើជំនាញនេះ តាមរយៈការសិក្សា ១ឆ្នាំ នៅសាកលវិទ្យាល័យ RUPP និងសិក្សា ៣ឆ្នាំ នៅសាកលវិទ្យាល័យ Beining Foreign Studies University (BFSU) នារដ្ឋធានីប៉េកាំង ប្រទេសចិន ។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ភូ សម្បត្តិ សាស្ដ្រាចារ្យ និងជាប្រធានដេប៉ាតឺម៉ង់គ្រង់គ្រងពាណិជ្ជកម្មអន្ដរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឱកាសលោកបានចូលរួមធ្វើជាគណៈកម្មការវាយតម្លៃ នៃការការពារនិក្ខេបបទបញ្ជាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់និស្សិតជំនាញ IBM ឆ្នាំ២០២៣/២៤ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។

លោកបណ្ឌិតបានបញ្ជាក់ថា កម្មវិធីសិក្សា ១+៣ រវាងសាកលវិទ្យាល័យ RUPP និង BFSU នេះ មានន័យថា សិក្សានៅកម្ពុជា ១ឆ្នាំ និងសិក្សានៅចិន ៣ឆ្នាំ បន្ទាប់មកនិស្សិត ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងកម្មវិធីសិក្សានេះ នឹងទទួលបានសញ្ញាបត្រ ២ ក្នុងពេលតែមួយ ដែលចេញពី RUPP ផង និងចេញពី BFSU ផង ដូចគ្នានឹងកម្មវិធីសិក្សា ១+៣ រវាងសាកលវិទ្យាល័យ RUPP និងសាកលវិទ្យាល័យ Angelo State University នៅរដ្ឋ Texas សហរដ្ឋអាមេរិក ដែលបានដំណើរការកម្មវិធីសិក្សា ប្រកបដោយភាពជោគជ័យរយៈពេល ៣ឆ្នាំមកហើយ ។

លោកបន្ដថា «កម្មវិធីសិក្សាថ្មីនេះ ត្រៀមនឹងអនុវត្តចាប់ពីឆ្នាំសិក្សាថ្មីខាងមុខ បន្ទាប់ពីការចុះកិច្ចព្រមព្រៀង រវាងឯកឧត្តមសាកលវិទ្យាធិការ RUPP និងសាកលវិទ្យាល័យដ៏ល្បីនៅរដ្ឋធានីប៉េកាំង កាលពីឆ្នាំ២០២៣ គឺសាកលវិទ្យាល័យ Beining Foreign Studies University ។ យើងនឹងរៀបចំកម្មវិធីសិក្សា ១+៣ មានន័យថា រៀននៅ RUPP ១ឆ្នាំ និងរៀននៅចិន ៣ឆ្នាំ ។ បន្ទាប់ពីបញ្ចប់ការសិក្សាក្នុងកម្មវិធីនេះ និស្សិតនឹងទទួលបានបរិញ្ញាបត្រ ២ ដែលចេញពី RUPP ផង និងចេញពី BFSU ផង»

ប្រធានដេប៉ាតឺម៉ង់ខាងលើ បានពន្យល់ថា កម្មវិធីសិក្សាថ្មីក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យឈានមុខនៅកម្ពុជា និងចិននេះ នឹងផ្ដល់ឱកាសកាន់តែច្រើន សម្រាប់និស្សិតកម្ពុជា ពិសេសគឺការចំណាយពេលតិច នឹងទទួលបាននូវការអប់រំស្ដង់ដារអន្ដរជាតិលើមុខជំនាញ IBM ។ យ៉ាងណាមិញ ដើម្បីទទួលបានឱកាសសិក្សាដ៏ល្អនេះ សិស្ស-និស្សិត ក៏ត្រូវឆ្លងកាត់ការតេស្ដជាមុនសិនដែរ ពិសេសគឺពិន្ទុទៅលើពិន្ទុភាសាអង់គ្លេស និងលក្ខខណ្ឌផ្សេងៗទៀត ដូចជាចំណេះដឹងភាសាចិនជាដើម ។

បន្ថែមលើនេះ លោកបានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលចាប់អារម្មណ៍លើកម្មវិធីសិក្សាថ្មី នៃមុខជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិនេះ អាចត្រៀមខ្លួនចូលរួមដាក់ពាក្យប្រឡងចូលរៀននៅសាកលើវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ ព្រមទាំងទំនាក់ទំនង និងវប្បធម៌ តាមរយៈកម្មវិធីសិក្សាស្ដង់ដារអន្ដរជាតិខាងលើ ជាមួយនឹងតម្លៃធូរថ្លៃជាងការសិក្សានៅបណ្ដាប្រទេសអឺរ៉ុប ។

ទន្ទឹមជាមួយគ្នា លោក ទួច ទី និស្សិតឆ្នាំទី៤ ដែលបានចូលរួមការពារនិក្ខេបបទបញ្ចប់ការសិក្សាបរិញ្ញាបត្រ IBM សម្រាប់ឆ្នាំសិក្សា២០២៣/២៤ បានសម្ដែងក្ដីរីករាយ ចំពោះឱកាសបង្កើតនូវកម្មវិធីថ្មី ដើម្បីផ្ដល់ឱកាស ក៏ដូចជាសម្រួលឲ្យនិស្សិតបានសិក្សានៅបរទេសកាន់តែងាយស្រួល ។ ទោះបីខ្លួន បានទទួលអាហាររូបករណ៍ បន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសចិនក៏ពិតមែន តែនិស្សិត ទូច ទី ថា ការបង្កើតនូវកម្មវិធីសិក្សា ១+ ៣ សម្រាប់ថ្នាក់បរិញ្ញាបត្រនេះ ពិតជាល្អ ហើយថែមទាំងចំណេញពេលវេលាទៀតផង ។

ទួច ទី បន្ដថា «ខ្ញុំពិតជាអរគុណថ្នាក់ដឹកនាំសាកលវិទ្យាល័យ ពិសេសលោកគ្រូ ភូ សម្បត្តិ ដែលបានយកចិត្តទុកដាក់ចំពោះអនាគតនិស្សិត ចង់និស្សិតបានរៀនក្រៅប្រទេស ជាក់ស្ដែងក្រៅពីការស្វែងរកអាហាររូបករណ៍ឲ្យនិស្សិត ថ្នាក់ដឹកនាំដេប៉ាតឺម៉ង់ IBM បានបង្កើតនូវកម្មវិធីសិក្សាថ្មី ក្នុងលក្ខខណ្ឌ ១+៣ គឺរៀននៅខ្មែរ ១ឆ្នាំ រៀននៅចិន ៣ឆ្នាំ ហើយពេលបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រ ២ ក្នុងពេលតែមួយ ដែលនេះជាឱកាសមួយដ៏ល្អ សម្រាប់និស្សិតខ្មែរយើង បានសិក្សា និងទទួលសញ្ញាបត្រ ទាំងក្នុង និងបរទេសបែបនេះ»

ដោយឡែកកញ្ញា យ៉េង មួយហេង និស្សិតត្រៀមបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ IBM និងទទួលបានអាហាររូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅចិនដូចគ្នា បានលើកទឹកចិត្តដល់សិស្សប្អូន ដែលមានបំណងចង់បន្ដសិក្សាក្រៅប្រទេស ពិសេសនៅប្រទេសចិន ទី១-ត្រូវស្វែងរកអាហាររូបករណ៍ផ្សេងៗ ទី២-ការសិក្សាផ្ទាល់ តាមរយៈកម្មវិធីសិក្សា ១+៣ ខាងលើ ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់និស្សិតកម្ពុជា ពិសេសក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពួកគេក៏លទ្ធភាពខ្ពស់ ដើម្បីបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិតផងដែរ ។

គួរដឹងថា RUPP បានបង្កើតតេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ (IBM) តាំងពីឆ្នាំ១៩៩៩ តែដោយសារបញ្ហាខ្វះធនធានគ្រូ ក៏ផ្អាកមួយរយៈ រហូតដល់ឆ្នាំ២០១៤ ទើបមុខជំនាញនេះ បើកឡើងវិញ មកទល់បច្ចុប្បន្ន ។ រយៈពេល ១០ឆ្នាំមកនេះ IBM បានបណ្ដុះបណ្ដាលនិស្សិតបញ្ចប់ការសិក្សាជាច្រើន ហើយមាននិស្សិតខ្លះ បានទទួលអាហាររូបករណ៍ទៅបន្ដសិក្សា និងទទួលសញ្ញាបត្រជាន់ខ្ពស់ពីក្រៅប្រទេសទៀតផង ។ បន្ទាប់មកទើបសាលា សម្រេចបង្កើតកម្មវិធីសិក្សាថ្មី ១+៣ ទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ២០២១ និងចិន ដែលគ្រោងចាប់ផ្ដើមក្នុងឆ្នាំនេះ ៕