(អាមេរិក)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Young Kim និងលោក Joaquin Castro សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះ មានការពិភាក្សាអំពីបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងច្បាប់អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសភា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយអាស៊ាន-សហរដ្ឋអាមេរិក។

អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិភាក្សាតុមូល នៅវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានចែករំលែកពីអាទិភាព និងគំនិតផ្តួចផ្តើមពេលបច្ចុប្បន្នរបស់អាស៊ាន ដោយផ្តោតលើតួនាទីជាកម្លាំងចលករសម្រាប់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់។

នៅរសៀលថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកជំទាវ Andrea Palm  អនុរដ្ឋមន្ត្រីសុខាភិបាល និងសេវាមនុស្ស។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះ កិច្ចខិតខំ ប្រឹងប្រែងរួម ក្នុងការដោះស្រាយការប្រឈមសុខាភិបាលសាធារណៈដែលចាំបាច់ត្រូវធ្វើកិច្ចសហការនៅទូទាំងតំបន់អាស៊ាន និងពិភពលោក ដូចជា ការបង្ការជម្ងឺឆ្លង ការត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត និងការធានាបាននូវការទទួលបាននូវការថែទាំសុខភាពដោយសមធម៌ ជាដើម។

បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Peter Buttigieg រដ្ឋមន្ត្រីដឹកជញ្ជូនសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការអនុវត្តផែនការកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២២-២០២៥។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពដឹកជញ្ជូន និងគំនិតផ្តួចផ្តើមនានាដែលមានភាពធន់ នៅក្នុងតំបន់អាស៊ាន ក៏ដូចជា កិច្ចសហប្រតិបត្តិការដឹកជញ្ជូនដ៏មានសក្តានុពលផ្សេងទៀត រវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្រោយឆ្នាំ២០២៥។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយឧត្តមនាវីឯក Linda L. Fagan. មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក (U.S. Coast Guard Commandant)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរ ទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការលំហសមុទ្រអាស៊ាន-សហរដ្ឋអាមេរិក និងបានរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក សម្រាប់ឆ្មាំសមុទ្រ ជាដើម។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានពិភាក្សាការងារជាមួយ លោកស្រី Sue Biniaz ប្រេសិតពិសេសរងទទួលបន្ទុកអាកាសធាតុរបស់សហរដ្ឋអាមេរិក។ កិច្ចប្រជុំបានស្វាគមន៍កិច្ចសន្ទនា ថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិកស្តីពីបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីខែសីហា ឆ្នាំមុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសហរដ្ឋអាមេរិក ស្តីពីការកាត់បន្ថយ ការបន្សាំការបម្រែបម្រួលអាកាសធាតុ នវានុវត្តន៍ ហិរញ្ញវត្ថុអាកាសធាតុ និងការអភិរក្សជីវៈចម្រុះ ជាដើម៕