(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃនេះ បានផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ! ក្នុងឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៨ យាងចូល ៨៩ ព្រះសិរីវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១២កើត រ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចរដ្ឋសភាធិបតី សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយ ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៍ និង ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ។

ឆ្លៀតក្នុងវរោកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ សម្តេចសូមព្រះបរមរាជានុញ្ញាតថ្វាយនូវ កតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយ សម្តេចម៉ែ ដែលបានចំណាយព្រះកាយពល និងព្រះបញ្ញាញាណ លើកស្ទួយវិស័យអប់រំសិក្សាធិការ សុខុមាលភាព សង្គមកិច្ច ព្រះពុទ្ធសាសនា និងសុខដុមរមនាសង្គម ប្រកបដោយទសពិធ រាជធម៌ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រ ដើម្បីបុព្វហេតុជាតិ សាសនា មាតុភូមិជាទីស្នេហា ជាពិសេសព្រះរាជ បេសកកម្មដ៏មហាថ្លៃថ្លាក្នុងការដង្ហែ «ព្រះករុណាព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការ បំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ និងព្រះរាជសកម្មភាពមនុស្សធម៌ សម្រាប់ប្រជានុរាស្ត្រជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ ជាដរាបតរៀងទៅ។

ជាថ្មីម្តងទៀត សម្តេចសូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំប្រទាននូវព្រះសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕