(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវ រហូតបង្រ្កាបឃាត់បានមុខសញ្ញា ក្រុមក្មេងទំនើងចំនួន៥នាក់ មកពីរាជធានីភ្នំពេញ ហើយបានធ្វើសកម្មភាព ដោយប្រើកាំបិតបុ័ងតោ និងកាំបិតផ្គាក់ គំរាមយកម៉ូតូ ក្នុងភូមិសាស្រ្តកំពង់ចាម នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

បន្ទាប់ពីហេតុការណ៍កើតឡើង និងទទួលបានពាក្យបណ្ដឹងភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានបញ្ជាកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ រហូតបង្ក្រាបឃាត់ខ្លួន បានជនសង្ស័យចំនួន៥នាក់ និងដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន៣គ្រឿង ក្នុងនោះម៉ូតូ២គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើស និងម៉ូតូ១គ្រឿងទៀតជាម៉ូតូរបស់ជនរងគ្រោះ។

ផ្អែកតាមចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំង៥នាក់ខាងលើ បានឲ្យដឹងថា ក្រុមខ្លួនបានធ្វើដំណើរមកពីរាជធានីភ្នំពេញ ឆ្ពោះមកខេត្តកំពង់ចាម ហើយបានធ្វើសកម្មភាពយកកាំបិតបុ័ងតោ និងកាំបិតផ្គាក់ និងមធ្យោបាយម៉ូតូចំនួន២គ្រឿង ដេញកាប់ជនរងគ្រោះ គំរាមយកម៉ូតូ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ចំណុចតាមផ្លូវ ស្ថិតក្នុងភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ ចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

សូមបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបរវធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុលណែនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវវិធានការក្ដៅ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងម៉ត់ចត់បំផុត ដល់គ្រប់កម្លាំងជំនាញពាក់ព័ន្ធ ជាវិធានការកណ្តាប់ដៃដែក ដែលត្រូវបន្ដពង្រឹងយុទ្ធនាការ បង្ការ និងបង្ក្រាប រាល់សកម្មភាពក្មេងទំនើង ដូចភ្លើងរលឹម ក្រោមប្រធានបទ «ងើបមួយវៃមួយ ងើបពីរវៃពីរ»៕