(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុយ សម្បត្តិ អ្នកនាំពាក្យសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានដឹកនាំមន្ត្រីសហជីព មន្ត្រីសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង១០០នាក់ មកដាក់ញ្ញត្តិ និងលើកបដាទាមទារមួយចំនួន នៅខាងមុខស្នាក់ការសង់ត្រាល់ ដោយបានបង្ហាញអារម្មណ៍ក្រេវក្រោធខឹងសម្បារ និងមិនពេញចិត្ត ចំពោះការចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលមានចរិតអុជអាល រើសអើង ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និងស្ថេរភាពការងារ តាមរោងចក្រ សហគ្រាសនានា។

ខ្លឹមសារកម្មករលើកបដាមានដូចជា៖

*ទី១៖ សង់ត្រាល់ ទទួលបានប្រាក់ជំនួយពីបរទេសរាប់សិបម៉ឺនដុល្លារក្នុង១ឆ្នាំៗ ដើម្បីឱ្យសង់ត្រាល់ ធ្វើសកម្មភាពរិះគន់ និងធ្វើនយោបាយក្នុងស្រុក ធ្វើសកម្មភាពគឺដើម្បីរិះគន់រាជរដ្ឋាភិបាល
*ទី២៖ សង់ត្រាល់ គឺជាក្រុមនយោបាយដៃគូរតែមួយជាមួយសាពត៌មាន, វិទ្យុ VOD KHMER , វិទ្យុអាស៊ីសេរី RFA KHMER
*ទី៣៖ យើងអាចមើលឃើញ និងបានដឹងពីសកម្មភាពរបស់ពួកគេចាប់ដៃគ្នា សរសេរព័ត៌មានរិះគន់វៃប្រហារមកលើរាជរដ្ឋាភិបាលជាប្រចាំដូចគ្នា
*ទី៤៖ ក្រុមនេះសរសេរព័ត៌មាន និងរបាយការណ៍ដូចគ្នាតែម្តងរិះគន់ជាន់ពន្លិចរាជរដ្ឋាភិបាល
*ទី៥៖ សង់ត្រាល់បានចូលជ្រៀតជ្រែកកិច្ចការរបស់អង្គការវិជ្ជាជីវៈ (សហជីព)
*ទី៦៖ សង់ត្រាល់ សរសេរព័ត៌មានរិះគន់រាជរដ្ឋាភិបាល មិនដែលខ្វល់ពីផលប៉ះពាល់ដល់វិនិយោគទុន ដើម្បីតែចង់បានជំនួនពីបរទេស
*ទី៧៖ សង់ត្រាល់ មិនមែនជាថ្នាក់ដឹកនាំ សហភាព សហព័ន្ធ សហជីព ឬជាកម្មករ តែបានលូកដៃ យ៉ាងជ្រៅក្នុងកិច្ចការសហជីព
*ទី៨៖ សូមស្ថាបនមានសមត្ថកិច្ចបើកការស៊ើបអង្កេត អំពីជំនួយរបស់បរទេស ដែលមានផ្តល់ជំនួយឱ្យ (សង់ត្រាល់)។

លទ្ធផល ក្រុមមន្ត្រីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) មិនហ៊ានចេញមុខមកទទួលញ្ញាតិពីក្រុមតំណាងសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា៕