(ភ្នំពេញ)៖ សម្តេចក្រុមព្រះនរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង លើគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសង្គមជាតិ និងប្រជាជនកម្ពុជា។

សម្តេចក្រុមព្រះនរោត្តម ច័ក្រពង្ស់ បានថ្លែងបញ្ជាក់ដូច្នេះថា «ខ្ញុំ និងក្រុមគ្រួសារ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្ត គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកជាប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការអនុវត្តគម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលអនាគត»

គម្រោងព្រែកជីកហ្វូណន-តេជោ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រកម្ពុជា មានប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលនឹងផ្តល់អត្ថប្រយោជន៍ និងជាទ្រព្យដ៏មហាសាលជូនដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសលើវិស័យដឹកជញ្ជូនដូចជា ការកាត់បន្ថយតម្លៃដឹកជញ្ជូន ការកាត់បន្ថយ ពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយនីតិវិធីក្នុងការដឹកទំនិញពីកម្ពុជាទៅសមុទ្រ

គម្រោងនេះក៏ជួយក្នុងការបង្កើតតំបន់ពាណិជ្ជកម្ម និងតំបន់ សេដ្ឋកិច្ចពិសេស ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ក៏ដូចជាការបង្កើនប្រព័ន្ធធារា សាស្ត្រ ការអភិវឌ្ឍកសិកម្ម វារីវប្បកម្ម ទេសចរណ៍ ការជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ការ ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក និងការពង្រីកវិស័យអចលនទ្រព្យ ព្រមទាំងការ វិនិយោគផ្សេងៗទៀត៕