(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកចង្អើរ អាណត្តិទី៤ ឆ្នាំ២០២៤។ ពិធីនេះបានរៀបចំប្រព្រឹត្តធ្វើឡើងនៅសាលាស្រុកដំណាក់ចង្អើរ។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់ថា រយៈពេល៥ឆ្នាំ ក្រុមប្រឹក្សាស្រុកអាណត្តិទី៣ រដ្ឋបាលស្រុកដំណាក់ចង្អើរ បានខិតខំអនុវត្តការងាររបស់ខ្លួន សម្រេចបានលទ្ធផលជាវិជ្ជមាន និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ។

លោកអភិបាលស្រុក បន្តថា  ៥ឆ្នាំកន្លងមកនេះ រដ្ឋបាលស្រុក ធានាបាននូវការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាពនយោបាយ ការផ្តល់សេវាសាធារណៈ ព្រមទាំងបានពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន សំដៅសម្រេចឱ្យបាននូវផែនការអភិវឌ្ឍប្រាំឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលស្រុក និងធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

នាឱកាសនោះ លោកអភិបាលខេត្តកែប បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណង ក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន រួមទាំងការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានា ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងចូលរួមលើកកម្ពស់ភាពជាម្ចាស់របស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យគណៈបញ្ជាការឯកភាពស្រុក ត្រូវយកចិត្តទុកដាក់នៅវិធានការសំខាន់ៗចំនួន៣ រួមមាន៖

*១៖ ត្រូវបន្ដជំរុញលើកទឹកចិត្តប្រពលរដ្ឋក្នុងមូលដ្ឋានឱ្យចូលរួមអនុវត្តតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីរួមគ្នាបង្កើនការទប់ស្កាត់បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅតាមមូលដ្ឋាន។

*២៖ ត្រូវរៀបចំផែនការសកម្មភាពក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន ដើម្បីចូលរួមអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ តាមរយៈការពង្រឹងផែនការអប់រំផ្សព្វផ្សាយវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ដើម្បីចូលរួមបង្ការទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរ ការចែកចាយគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។

*៣៖ ត្រូវបន្តលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយត្រូវផ្ដល់អាទិភាពលើការផ្សព្វផ្សាយអប់រំឱ្យបានផុលផុសអំពីការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវពង្រឹងវិធានការរដ្ឋបាល​ និងវិធានការច្បាប់ឱ្យបានមុឺងម៉ាត់​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត៕