(ស្វីស)៖ ក្នុងនាមជាតំណាងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សាស្រា្តចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព) បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកម្មវិធី ខួបលើកទី៦០ នៃសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៃវេទិកាថ្នាក់ដឹកនាំសកល ក្រោមមូលបទ «ការរៀបចំមាគ៌ាអភិវឌ្ឍន៍ថ្មីក្នុងបរិបទនៃការវិវត្តរបស់សកលលោក» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១២-១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។

បណ្ឌិតសភាចារ្យ បានចូលរួមក្នុងវេទិកាថ្នាក់ដឹកនាំសកលរយៈពេលបីថ្ងៃរបស់សន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលមានគោលបំណងបំផុសនូវគំនិតអភិវឌ្ឍន៍ថ្មីៗ ដើម្បីដោះស្រាយភាពស្មុគស្មាញនៃ «ពហុសកលភាវូបនីយកម្ម» (Polyglobalization) ដែលកំណត់ដោយការកើនឡើងនៃភាពចម្រុះ និងវិមជ្ឈការសេដ្ឋកិច្ច ស្របពេលដែលមានការកើនឡើង នូវភាពប្រទាក់ក្រឡាគ្នាពីបណ្តាប្រទេសនានានៅលើសកលលោក។

វេទិកានេះមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ៦រូប រដ្ឋមន្ត្រីពាណិជ្ជកម្ម និងការបរទេសចំនួន ២៨រូប ព្រមទាំងប្រធានអង្គការអន្តរជាតិនានាជុំវិញពិភពលោក ដែលគួរឱ្យកត់សម្គាល់នោះគឺមានវត្តមានរបស់ ឯកឧត្តម Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងលោកជំទាវ Rebecca Grynspan អគ្គលេខាធិការ នៃសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានធ្វើបទអន្តរាគមន៍ពិសេសក្រោមប្រធានបទ «ការត្រៀមរៀបចំសម្រាប់សេដ្ឋកិច្ចនាពេលអនាគត-តម្រូវការបន្ទាន់នៃការសម្រេចចិត្ត និងការធ្វើសកម្មភាព» ដោយបានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់នៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងការឆក់យកកាលានុវត្តភាពថ្មីៗ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបរិវត្ដកម្មរចនាសម្ព័ន្ធ។

កម្ពុជាគឺជាប្រទេសដែលមានជំនឿយ៉ាងមុតមាំ លើការបើកចំហរក្នុងតំបន់ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងតំបន់មួយចំនួនអាចជំរុញឱ្យមានទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគដ៏រឹងមាំ។ ពីប្រទេសដែលធ្លាប់ឆ្លងកាត់ នូវរបបប្រល័យពូជសាសន៍ពីអតីតកាល ហើយប្រែក្លាយទៅជាប្រទេស ដែលកំពុងត្រៀមរៀបចំចាកចេញ ពីក្របខ័ណ្ឌប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច (LDC) ប្រទេសកម្ពុជា បានផ្តល់នូវមេរៀនជាច្រើន នៃបរិវត្តកម្មរចនាសម្ព័ន្ធបន្ទាប់ពីការចូល ជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅឆ្នាំ២០០៤។

ក្នុងការរៀបចំសម្រាប់សេដ្ឋកិច្ច នាពេលអនាគតនេះ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានអំពាវនាវឱ្យមានការធ្វើពិពិធកម្មនៅក្នុងវិស័យ ដែលទាមទារឱ្យមានកំណែទម្រង់គោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ការបង្កើនផលិតភាពតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។

ដោយកត់សម្គាល់នូវហានិភ័យ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ និងវិបត្តិបរិស្ថានផ្សេងទៀត បណ្ឌិតសភាចារ្យ បានអំពាវនាវឱ្យមានគោលនយោបាយពាណិជ្ជកម្មប្រកបដោយនវានុវត្តន៍ភាពដែលរួមបន្ស៊ីគ្នារវាងភាពបៃតង និងកំណើន។ ការរៀបចំសម្រាប់សេដ្ឋកិច្ចនាពេលអនាគតតម្រូវឱ្យមានសកម្មភាពជាក់លាក់ យុទ្ធសាស្រ្តប្រកបដោយនវានុវត្តន៍ និងការប្តេជ្ញាចិត្តឥតងាករេសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

តាមរយៈការជម្រុញសមត្ថភាពនៃការផលិត ការទទួលយកបរិវត្តកម្មរចនាសម្ព័ន្ធ និងការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច បណ្ឌិតសភាចារ្យ ជឿជាក់ថាយើងនឹងអាចបង្កើតអនាគតមួយដែលប្រជាជាតិទាំងអស់អាចធ្វើការរីកចម្រើនបាន។

ដោយកម្ពុជាគឺជាប្រធានក្រុមនៃប្រទេសកំពុងអភិវឌ្ឍន៍ទាំង៧៧ (G77) និងប្រទេសចិន ប្រចាំនៅទីក្រុងហ្សឺណែវ នៅឆ្នាំនេះ បណ្ឌិតសភាចារ្យ ក៏បានចូលរួមក្នុងការថតរូបអនុស្សាវរីយ៍ ដើម្បីប្រារព្ធខួបលើកទី៦០ និងអបអរសាទរសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងការគាំទ្រពហុភាគីនិយម និងភាពជាដៃគូ។ កន្លងមកនេះប្រទេសកំពុងអភិវឌ្ឍន៍ទាំង៧៧ និងប្រទេសចិនបានឈានមុខគេក្នុងការការពារផលប្រយោជន៍សេដ្ឋកិច្ចរួម នៃសកលលោកខាងត្បូង តាមរយៈការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនៃការបើកសន្និសីទនេះ បណ្ឌិតសភាចារ្យ បានជួបប្រជុំជាមួយនឹងតំណាងអង្គការអន្តរជាតិជាច្រើន រួមមានលោក Joo-Ok Lee ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោកស្រីបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Rebacca Grynspan អគ្គលេខាធិការ សន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) លោកស្រីបណ្ឌិត Dorothy Tembo នាយករងប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) លោក Ratnakar Adhikari នាយកប្រតិបត្តិនៃលេខាធិការដ្ឋានប្រតិបត្តិ របស់ Enhanced Integrated Framework (EIF) លោកបណ្ឌិត Mohammed Alzarooni ប្រធានអង្គការតំបន់សេរីពិភពលោក និងលោក Ismael Ersahin ប្រធាន និងជានាយកប្រតិបត្តិនៃសមាគមទីភ្នាក់ងារជំរុញការវិនិយោគពិភពលោក (WAIPA)។

បណ្ឌិតសភាចារ្យ ក៏មានជំនួបពិភាក្សាទ្វេភាគីជាមួយលោក Xanana Gusmão នាយករដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើត បណ្ឌិត Majid Al-Kassabi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសអារ៉ាប៊ីសាអូឌីត លោក Wang Shouwen តំណាងពាណិជ្ជកម្មអន្តរជាតិ និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសវៀតណាម។

កិច្ចប្រជុំពិភាក្សាទាំងនេះ បានផ្ដោតទៅលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាកាលានុវត្តភាពនៃការវិនិយោគ និងសហប្រតិបត្តិការពាណិជ្ជកម្មផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕