(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តក្រចេះឱ្យបានគង់វង្ស និងជាពិសេសអភិរក្សសត្វកម្រៗដែលមាននៅក្នុងខេត្តដូចជាសត្វផ្សោត សត្វត្មាត សត្វក្តាន់ និងសត្វរុក្ខជាតិផ្សេងៗទៀតដែលមានដើម្បីបង្កើតការងារជូនដល់សហគមន៍ ទាញផលចំណូលពីទេសចរណ៍ធម្មជាតិ។

ការស្នើបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំរលួស និងឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។

ប្រធានក្រុមការងារបានថ្លែងថា នៅក្នុងភូមិសាស្ត្រស្រុកអូរគ្រៀងសែនជ័យ ដែលជាស្រុកទើបនឹងបង្កើតថ្មីរបស់ខេត្តក្រចេះ សម្បូណ៌ដោយធនធានធម្មជាតិជាពិសេសដែនជម្រកសត្វព្រៃសំបូរជាទីតាំងសម្បូណ៌ដោយធនធានធម្មជាតិសត្វព្រៃ ជាពិសេសជាកន្លែងជម្រកសត្វត្មាតដែលជាសត្វកម្រនៅក្នុងប្រទេសកម្ពុជា។

យោងតាមទិន្នន័យពីការជំរឿនសត្វត្មាតនៅដើមខែមិថុនា សត្វត្មាតចំនួន ១២៩ក្បាល ត្រូវបានរាប់ឃើញនៅទីតាំងចំនួន៤ នៅកម្ពុជាក្នុងនោះរួមមានដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារចំនួន ២០ក្បាល ដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង មានចំនួន ៨៨ក្បាល ដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះមានចំនួន ១៨ក្បាល និងដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរីមានចំនួន ៣ក្បាល ខណៈក្នុងខែដូចគ្នាក្នុងឆ្នាំ២០២៣ កន្លងទៅ ជំរឿនរកឃើញមានសត្វត្មាតចំនួន ១៣៣ក្បាលនៅតំបន់ទាំង៤ នេះ។

ជាមួយគ្នានេះដែរ នេត្រ ភក្ត្រា ស្នើដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បន្តថែរក្សាការពារ និងអភិរក្សសត្វព្រៃ និងធនធានធម្មជាតិឱ្យបានល្អគង់វង្ស និងកុំកាប់ទន្ទ្រាន រុករានកាប់ឆ្ការព្រៃឈើដោយខុសច្បាប់ ព្រោះថា តំបន់នេះនឹងក្លាយជារមណីយដ្ឋានទីតាំងទេសចរណ៍ធម្មជាតិដ៏គួរឱ្យទាក់ទាញ ហើយត្រូវរួមសហការគ្នារៀបចំឱ្យមានសោភ័ណភាព មានភាពទាក់ទាញ បរិស្ថានអនាម័យស្អាត មានសណ្តាប់ធ្នាប់ ការប្រាស្រ័យទាក់ទងល្អ រួសរាយរាក់ទាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមក្នុងមូលដ្ឋាន និងជំរុញលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋានចូលរួមឱ្យបានសកម្មលើការអភិវឌ្ឍទេសចរណ៍ និងការនាំចេញនៅហ្នឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសឱ្យមកកម្សាន្តកាន់តែច្រើនឡើង សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និងការកាត់បន្ថយភាពក្រីក្រ៕