(វៀតណាម)៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច អញ្ជើញបំពេញទស្សនកិច្ច នៅទីស្នាក់ការចែកចាយហ្គាសរបស់ក្រុមហ៊ុន PV Gas ដែលជាទីតាំងផ្គត់ផ្គង់ និងចែកចាយឧស្ម័នធំជាងគេនៅក្នុងប្រទេសវៀតណាម ស្ថិតនៅខេត្ត Vung Tau សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្រុមហ៊ុន PV Gas បានបង្កើតឡើងនៅចុងឆ្នាំ១៩៩០ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នដ៏ធំមួយ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលគ្រប់គ្រងដោយរដ្ឋវិនិយោគទៅលើវិស័យឧស្សាហកម្មឧស្ម័ន មានបុគ្គលិកប្រមាណ ៤,២០០នាក់ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vietnam Oil and Gas Group។

ក្រុមហ៊ុន PV Gas ទទួលបានពានរង្វាន់អន្តរជាតិ ជាសហគ្រាសដែលរកបានប្រាក់ចំណេញល្អបំផុត (Best Profitable Enterprises) ក្នុងឆ្នាំ២០២២ និងបានជាប់ចំណាត់ថ្នាក់ទី២០ ក្នុងចំណោមក្រុមហ៊ុនបោះផ្សាយមូលបត្រដ៏មានកិត្យានុភាព និងប្រសិទ្ធភាពបំផុតទាំង៥០ នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំ២០២៣ ដោយ Vietnam Reporter JSC៕