(កំពង់ចាម)៖ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោល​យ៉ាង​ខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និង​គ្មាន​គោល​នយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខ្មែរស្រឡាញ់ជាតិ នៅឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាមចំនួន១១រូប បានប្រកាសដើរចេញពីគណបក្សដែលខ្លួនបាន​បម្រើ​ជាច្រើនឆ្នាំមកហើយ។ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខ្មែរស្រឡាញ់ជាតិទាំង១១រូបនេះ​បានធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងយូរឆ្នាំមកហើយ ព្រោះតែ​មាន​ការជឿជាក់ថា បក្សប្រឆាំងអាចចូលរួមដោះស្រាយបញ្ហារបស់ជាតិ និងប្រជាជន។ ដំបូងធ្វើឡើយធ្វើសកម្មភាពនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិ ហើយក្រោយមកជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ។

បន្ទាប់ពីធ្វើដំណើរយូរឆ្នាំជាមួយបក្សប្រឆាំង ហាក់មិនទទួលបានលទ្ធផលដូចការរំពឹងទុក​របស់​ខ្លួននោះឡើយ។ ផ្ទុយទៅវិញបក្សប្រឆាំងចេះតែបែកបាក់សាមគ្គីគ្នា គ្មានជំហរ​នយោ​បាយ​ច្បាស់លាស់ និងមិនបានរួមចំណែកអ្វីក្នុងការដោះស្រាយបញ្ហាជាតិ ប្រជាជន ឬចូលរួមក្នុង​កិច្ចកសាងជាតិនោះឡើយ។

ដោយអស់សង្ឃឹមថា នឹងការបន្តជីវិតនយោបាយជាមួយគណបក្សប្រឆាំង ថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង១១រូប សម្រេចផ្តាច់សម្ព័ន្ធមេត្រីភាពជាមួយបក្សដែលខ្លួនស្ម័គ្រស្មោះ ហើយសុំការអនុគ្រោះ​ពី​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជា​មួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។

ពួកគេបានគូសបញ្ជាក់ថា នៅពេលនេះបានមើលឃើញច្បាស់​ដោយ​ឥតសង្ស័យ គណបក្សប្រជាជន​កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណ​បំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមបក្សប្រឆាំងបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោល​នយោបាយ​ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្ស​ប្រជា​ជន​កម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាន​សុខ​សន្តិ​ភាព និងស្ថេរភាពសង្គម​ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅ​ប្រកប​​ដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយ​បក្ស​ប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិន​ចាញ់​​បោក​ការ​អូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។

ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕