(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវមាតាបិតា អាណាព្យាបាល ចូលរួមតាមដានទប់ស្កាត់បាតុភាពអសកម្មរបស់យុវជនសិស្សានុសិស្ស នៅគ្រប់សាលា ស្នើឱ្យបន្តសហការជាមួយអាជ្ញាធរដើម្បីចូលរួមទប់ស្កាត់ សិស្សានុសិស្សគេចម៉ោងសិក្សា ដោយរក្សាទំនាក់ទំនង និងផ្តល់ព័ត៌មានទៅវិញទៅមកជាប្រចាំ។

ការអំពាវនាវបែបនេះរបស់លោក ជា វ៉ាន់ចាន់ បានធ្វើឡើងក្នុងពិធីអប់រំផ្សព្វផ្សាយការទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្សគ្រប់សាលាប្រមូលផ្តុំ គ្នាលេងទូរស័ព្ទ លេងហ្គេមតាមអនឡាញ ជក់បារី និងឈានទៅប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ដល់សិក្សានុសិស្សនៅបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលាក់ ក្រុងស្ទឹងសែន នៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤។

លោកបញ្ជាក់ថា កន្លងមកដោយសង្កេតឃើញថា មានសកម្មភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច បានគេចសាលារៀន ទៅប្រមូលផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ ភេសជ្ជៈ ក្លិបហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់ និងកន្លែងកម្សាន្តនានា ដើម្បីប្រព្រឹត្តអំពើមិនគប្បីដូចជាលេងទូរស័ព្ទ លេងហ្គេមតាមអនឡាញ ជក់បារី បារីអេឡិចត្រូនិច បង្កជម្លោះ បង្កបក្ខពួក ក្មេងទំនើង និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

លោកអភិបាលរងខេត្ត បានបន្តថា ដើម្បីទប់ស្កាត់បាតុភាពអសកម្មទាំងនេះគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកំពង់ធំបានណែនាំដល់គ្រប់មូលដ្ឋានឱ្យរឹតបណ្តឹងអប់រំផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំសង្កាត់មាន សុវត្ថិភាព» ជូនដល់សិស្សានុសិស្សគ្រប់សាលារៀន និងម្ចាស់អាជីវកម្មម៉ាត កន្លែងលក់កាហ្វេ អាហារដ្ឋាននិងកន្លែងកម្សាន្តនានាដើម្បីទប់ស្កាត់បាតុភាព អសកម្មរបស់សិស្សានុសិស្ស នៅតាមទីតាំងអាជីវកម្មនានា លុបបំបាត់ក្មេងទំនើង ល្បែងស៊ីសង ខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះ លោកបានស្នើលោកគ្រូអ្នកគ្រូ ជួយពិនិត្យតាមដានអវត្តមានសិស្សានុសិស្សក្នុងម៉ោងសិក្សា និងត្រូវបន្តពង្រឹងវត្តមានរបស់សិស្ស សំដៅចូលរួមលុបបំបាត់សកម្មភាពអសកម្មរបស់សិស្ស ក្នុងការប្រមូលផ្តុំលេងទូរស័ព្ទ លេងហ្គេមតាមអនឡាញ ជក់បារី បារីអេឡិចត្រូនិច និងឈានទៅ លួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕