(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានយកដើមក្ងោកដាំតាមសងខាងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំ ដោយមានការចូលពីអាជ្ញាធរស្រុក នគរបាល ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្សមកពីសាលាបឋមសិក្សាអណ្តូងក្រសាំងសរុបប្រមាណ១៥០នាក់។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានផ្តួចផ្តើមឲ្យមានការដាំដើមឈើតាមដងផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលមានប្រវែងជិត១០០គីឡូម៉ែត្រ  ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង និងដាំតាមផ្លូវជាតិសំខាន់ៗផ្សេងទៀតក្នុងខេត្ត។

ក្នុងឱកាសនោះលោកបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន បានណែនាំឱ្យក្រុមការងារចុះជួយតាមឃុំដែលនៅជាប់ផ្លូវជាតិលេខ៥ ត្រូវដាំដើមឈើ និងមើលថែរក្សាឲ្យលូតលាស់បានល្អ។

ក្នុងឱកាសដឹកនាំយុវជន ប្រជាពលរដ្ឋ និងក្រុមការងារដាំដើមឈើនេះ លោក អ៉ឹង អៀង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាកាន និងលោក យស មុនីរ៉ាត់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្នាមព្រះ បានលើកឡើងថា ការដាំដើមឈើក្នុងថ្ងៃនេះ ស្របពេលជាមួយគ្នានៃថ្ងៃប្រារព្វខួប៦២ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិសម្រេចឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៤)។

លោកថា ជាងនេះទៀត ការដាំកូនឈើនេះ គឺដើម្បីផ្សារភ្ជាប់ការរស់នៅជាមួយបរិស្ថាន និងដើម្បីសោភ័ណ្ឌភាពភូមិឃុំស្រុកយើង ជាពិសេសគឺដើម្បីឲ្យប្អូនកុមារា កុមារី យុវជន យល់ច្បាស់អំពីសារៈសំខាន់នៃដើមឈើ។ ជាមួយគ្នានោះលោកបានបំផុសឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវធ្វើការដាំដើមឈើតាមផ្ទះរៀងៗខ្លួនឲ្យបានគ្រប់ផ្ទះ៕